អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា កំណត់យកថ្ងៃទី៣ នៃពិធីកាត់ឫសសីមាព្រះវិហារនៅវត្ដមណីរតនារាម ខេត្តពោធិ៍សាត់ជាថ្ងៃជួបជុំបងប្អូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសកម្ពុជាលើកទី១៥

ជុំវិញ​ឧកញ៉ា

មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា នឹងរៀបចំកម្មវិធីជួបជុំបងប្អូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសកម្ពុជា លើកទី១៥ នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី៣ នៃពិធីកាត់ឫសសីមាព្រះវិហារមួយខ្នង នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងជាម្ចាស់សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំបាទ និងភរិយាសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនទាំងអស់ដែលបានចូលរួមជួយមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដើម្បីជួយទ្រងទ្រង់ជនពិការកំបុតដៃទាំងពីរមេត្តាជ្រាបថា មូលនិធិនឹងរៀបចំកម្មវិធីជួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសឆ្នាំ២០២៥ នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០នាទីព្រឹក នៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់។»

អ្នកឧកញ៉ាបណ្ឌិត បញ្ជាក់បន្ថែមថា នេះចាត់ទុកជាសេចក្តីជូនដំណឹងដល់ជនពិការកំបុតដៃទាំងពីរទាំងអស់ ដើម្បីអញ្ជើញចូលរួមតាមកាលបរិច្ឆេទ និងពេលវេលាខាងលើ។ ហើយក្នុងនាមម្ចាស់មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ក៏សូមគោរពថ្លែងអំណរគុណទុកជាមុនជូនចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិជាបន្តបន្ទាប់។

សូមជម្រាបជូនថា មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា តែងតែខិតខំកៀរគរថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយទ្រទ្រង់ និងជួយសម្រាលបន្ទុកដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសកម្ពុជា។ កន្លងមក ក្រោមគំនិតផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា មូលនិធិបានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗដល់ជនពិការកំបុតដៃទាំងពីរជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាដើមទុនបង្កើតមុខរបរ ផ្គត់ផ្គង់ការរៀនសូត្រ និងពង្រីកចំណេះជំនាញវិជ្ជាជីវៈ សម្រាប់អនាគតពួកគាត់ជាដើម។

គួររំឭកដែរថា កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ក៏ទើបតែបានរៀបចំការជួបជុំបងប្អូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសកម្ពុជាលើកទី១៤ សរុបចំនួន១៧៨នាក់ ដោយបានជួយឧបត្ថម្ភ ថវិកាក្នុងម្នាក់ចំនួន ១លានរៀល ព្រមទាំងអាហារហូបចុក និងភេសជ្ជៈមួយឈុត ដែលរៀបចំឡើងដោយចុងភៅនៅសណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) លំដាប់ផ្កាយ៥។

ព្រះវិហារមួយខ្នង នៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមការផ្ដួចផ្ដើមកសាងពី អ្នកឧកញ៉ាបណ្ឌិតជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ញាតិមិត្តជិតឆ្ងាយ ពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លាចូលរួមថវិកាសាងសង់អស់ប្រមាណជាង ១លាន ១សែនដុល្លារ នឹងត្រូវរៀបចំពិធីកាត់ឫសសីមា រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ៩,១០,១១ ខែមីនា ឆ្នាំ២០២៥នេះ ផ្ទាល់តែម្ដង។ ហើយពិធីជួបជុំបងប្អូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសកម្ពុជា លើកទី១៥ របស់អ្នកឧកញ៉ាទាំងពីរ និងសប្បុរសជន ក៏នឹងត្រូវរៀបចំនៅថ្ងៃទី៣ គឺថ្ងៃទី១១ ខែមីនា នោះតែម្ដង។

អាស្រ័យហេតុនេះ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនមានបំណងចង់ចូលរួមឧបត្ថម្ភ សូមមេត្តាទាក់ទងតាមប្រព័ន្ធទូរស័ព្ទដូចខាងក្រោម៖

  • 012 699 999 – 095 959 697
  • គណនីធនាគារ ABA: 012730777 ឈ្មោះ CHHAN SOMALY