អ្នកឧកញ៉ា ម៉ម វណ្ណឌី ត្រៀមបើកដំណើរការលក់សាច់គោ វ៉ាគូរ អែងកាស់ នៅកសិដ្ឋាន ឌីភី ក្នុងពេលឆាប់ៗ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានបង្ហើបពីគម្រោងបើកដំណើរការលក់សាច់គោ វ៉ាគូរ អែងកាស់ នៅកសិដ្ឋាន ឌីភី ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសពីផែនការថ្មីខាងលើ គឺបន្ទាប់ពីមួយរយៈចុងក្រោយថ្មីៗនេះ អ្នកឧកញ៉ាបានធ្វើដំណើរទៅទស្សនកិច្ចសិក្សាកសិដ្ឋានចិញ្ចឹមគោជាច្រើន នៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសជប៉ុន ចិន និងប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់កសិដ្ឋានចិញ្ចឹមគោប្រទេសទាំងនោះ។ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃព្រហស្បតិ៍ម្សិលមិញដូច្នេះថា៖ “នាពេលដ៏ខ្លីខាងមុខ កសិដ្ឋាន ឌី ភី យើងខ្ញុំនឹងដំណើរការ សាច់គោ វ៉ាគូរ អែងកាស់ សម្រាប់បងប្អូនខ្មែរយើង”។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី ពាណិជ្ជករវ័យក្មេងវិនិយោគក្នុងពហុវិស័យ កំពុងសម្ងំបើកកសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ទោះបីមានឋានៈតួនាទីខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ អ្នកឧកញ៉ា បានចូលប្រឡូកក្នុងវិស័យកសិកម្មដោយផ្ទាល់ មិនខ្លាចនឿយហត់នោះទេ ដូចជាការមើលថែទាំគោនៅកសិដ្ឋាន និងការផ្តល់ចំណីដល់គោជាដើម។

អ្នកឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈ ជា «ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោកក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ និងគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២៕