អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានសំណូមពរនិងស្នើសុំដល់អ្នកធុរកិច្ចក្នុងតំបន់ និងពិភពលោក ងាកមកពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រោះជាទីតាំងយុទ្ធសាស្ត្រ និងជាទីផ្សារមួយកំពុងប្រកបដោយថាមវន្ត។

ក្នុងឱកាសចូលរួមដឹកនាំក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រតិភូធុរកិច្ចជាង ៦០០នាក់ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ប្រសិនបើអ្នកកំពុងស្វែងរកទីផ្សារថាមវន្ត និងមានសមាហរណកម្ម សូមពិចារណាប្រទេសកម្ពុជា។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងយុទ្ធសាស្ត្រ និងផ្ដល់អត្ថប្រយោជន៍ គួបផ្សំនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឆាប់រហ័ស និងរដ្ឋាភិបាលដែលសកម្ម និងគាំទ្រធុរកិច្ចដោយផ្តោតលើការសម្រួលដំណើរការអាជីវកម្ម សូមពិចារណាប្រទេសកម្ពុជា។

អ្នកឧកញ៉ា ក៏បានបង្ហាញពីដំណើរការសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដោយកត់សម្គាល់ពីអត្រាជាមធ្យមមុនការរាតត្បាតនៃជំងឺកូវីដ-១៩ មានកំណើន ៧% ប្រចាំឆ្នាំ និងការព្យាករណ៍កំណើន ៦,៣% សម្រាប់ឆ្នាំ ២០២៥ និងរំពឹងបន្តកើនឡើងទៀតនៅឆ្នាំបន្តបន្ទាប់ខាងមុខ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ពីឱកាសវិនិយោគសំខាន់ៗនៅក្នុងវិស័យអាទិភាពមួយចំនួននៅកម្ពុជា ដែលរួមមានដូចជា វិស័យកាត់ដេរ ទេសចរណ៍ កសិកម្ម និងបច្ចេកវិទ្យា ដោយជំរុញឱ្យធុរកិច្ចបរទេសស្វែងយល់ពីសក្តានុពលរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានធានាដល់អ្នកវិនិយោគពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចល្អ ភាពអាចព្យាករណ៍បាន តម្លាភាព និងភាពងាយស្រួលនៃការធ្វើអាជីវកម្មផងដែរ៕





