លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សានិងជាបេសកជនពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឧបដ្ឋាសាលាថ្មី (សាលាឆាន់) តម្លៃជាង ៨៣ម៉ឺនដុល្លារ នៅវត្តពោធិសត្វ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមក្រុមហ៊ុន ទ្រី ភាព គ្រុប បានឱ្យដឹងថា ឧបដ្ឋានសាលាថ្មីដែលនឹងត្រូវសាងសង់នេះ មានទំហំ ២៧ម៉ែត្រ x ៣៦ម៉ែត្រ កំពស់ ២ជាន់ គ្រោងនឹងចំណាយថវិកាសាងសង់អស់ ៨៣២.០៨០ ដុល្លារអាមេរិក (ប៉ែតសិបបីម៉ឺន ពីរពាន់ ប៉ែតសិបដុល្លារអាមេរិក)។ ការកសាងឧបដ្ឋានសាលាថ្មីនេះ នឹងបានជាប្រយោជន៍យ៉ាងច្រើនដល់ព្រះសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្តជិត-ឆ្ងាយក្នុងការជួបជុំគ្នាធ្វើបុណ្យ។
គួរបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តពោធិសត្វ សម្រាប់សាងសង់សាលាធម្មសភា មានចំនួន ១ម៉ឺនដុល្លារអាមេរិក ហើយលោកអ្នកឧកញ៉ា ទ្រីភាព បានប្រគេនបច្ច័យ ចំនួន ៣ម៉ឺនដុល្លារ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនលោកតា យាយជី ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ព្រមទាំងកងកម្លាំងសមត្ថកិច្ចជាច្រើនទៀតផងដែរ៕




