ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយធុរជនចំនួន ៣រូបទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សន សៀប ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers And Estate Agents Association) សម្រាប់អាណត្តិទី៩ (២០២៥-២០២៦) ខណៈដែលលោកក៏បានជាប់ឈ្មោះជាប្រធានសមាគម តាំងពីអាណត្តិទី៨ (២០២៣-២០២៤)។ ឧកញ៉ា សន សៀប ជាអគ្គនាយកក្រុមហ៊ុន Asia Pacific Property Appraisal Co., Ltd និងជាអគ្គនាយកក្រុមហ៊ុន KH25 Property Co., Ltd ផងដែរ។

គួរបញ្ជាក់ថា ក្រោយជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា អាណត្តិទី៩ (២០២៥-២០២៦) លោកឧកញ៉ា សន សៀប បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ឧស្សាហកម្មអចលនវត្ថុ និងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លោកឧកញ៉ា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនៃការដឹកនាំសមាគម ដើម្បីពង្រឹងការងារខាងក្នុង និងបណ្តាញការងារជាមួយដៃគូពាក់ព័ន្ធខាងក្រៅ ដែលបានផ្តោតទៅលើការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ សមត្ថភាព ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងប្រតិបត្តិការប្រកបដោយនិរន្តរភាព៕