ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ឌិន សុមេធារិទ្ធ ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយធុរជនចំនួន ៣រូបទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឌិន សុមេធារិទ្ធ ត្រូវបានគេស្គាល់ថា ជាវាគ្មិនល្បីឈ្មោះមួយរូប ដែលតែងចែករំលែកក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ទាក់ទងនឹងការអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន សហគ្រិនភាព និងគន្លឹះជោគជ័យក្នុងជីវិត។ លោក ជាម្ចាស់រមណីយដ្ឋាន ភូមិផ្កាត្រកួន, ម្ចាស់បុរី មង្គលវីឡា និងជាម្ចាស់សណ្ឋាគារ The Frangipani Royal Palace។
លើសពីនេះ ឧកញ៉ា ឌិន សុមេធារិទ្ធ ជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, ប្រធានសមាគមអតីតនិស្សិតកម្ពុជា (អេ អាយ ធី), សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ផងដែរ៕



