ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ស គីណាល់ ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយធុរជនចំនួន ៣រូបទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ស គីណាល់ ត្រូវបានគេស្គាល់ថាជា អគ្គនាយកក្រុមហ៊ុន អេផ្លាស ខនសាល់ធីន (Aplus Consulting) និងជាអនុប្រធានប្រតិបត្តិ នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។ លោក ស គីណាល់ ក៏ជាវាគ្មិនមួយរូប ដែលតែងចែករំលែកបទពិសោធន៍ល្អៗសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាផងដែរ។
ក្រុមហ៊ុន អេផ្លាស ខនសាល់ធីន (Aplus Consulting) របស់លោកឧកញ៉ា ស គីណាល់ បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០០៨ និងត្រូវបានទទួលស្គាល់តម្រូវការខ្ពស់សម្រាប់ដៃគូអាជីវកម្មធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដើម្បីជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។ មកដល់បច្ចុប្បន្ន Aplus បានក្លាយជាអ្នកផ្តល់សេវាកម្មធនធានមនុស្សដែលមានទំនុកចិត្ត ផ្តល់តម្លៃ និងនាំមុខគេ ដោយជួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាង ៣០០ក្រុមហ៊ុន ដើម្បីសម្រេចបាននូវភាពជោគជ័យប្រកបដោយនិរន្តរភាព៕

