ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារដល់សហគ្រិន ៨រូប ជា «ឧកញ៉ា» ក្នុងថ្ងៃតែមួយ

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារដល់សហគ្រិន ៨រូប ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចគ្នា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៥/២៩៧ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់ ១.លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.), ២.លោក សន សៀប អគ្គនាយកក្រុមហ៊ុន Asia Pacific Property Appraisal Co., Ltd, ៣.លោក ជា មុនី និងលោកស្រី តាំង លីផេង អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Advanced Glory Logistics (Cambodia) Co., Ltd។

ជាមួយគ្នានេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៥/២៩៩ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់ ១.លោក ហុង ស៊ីថា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបាត់ដំបង, ២.លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន អេផ្លាស ខនសាល់ធីន (Aplus Consulting), ៣.លោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ISI Group និង ៤.លោក ឌិន សុមេធារិទ្ធ ម្ចាស់រមណីយដ្ឋាន ភូមិផ្កាត្រកួន។

សូមជម្រាបថា គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា នៅកម្ពុជាបច្ចុប្បន្ន តាមរយៈព្រះរាជក្រឹត្យថ្មី មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕