ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ជឿថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តកាន់តែច្រើនឡើងជាងឆ្នាំមុន ព្រោះតែមានការផ្សព្វផ្សាយទូលំទូលាយជាងមុន ខណៈដែលអង្គរសង្ក្រាន្តឆ្នាំមុនៗ ភាគច្រើនទាក់ទាញតែភ្ញៀវនៅក្នុងស្រុកច្រើនជាង។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោកឧកញ៉ា បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរកំណត់ថ្ងៃឱ្យបានច្បាស់លាស់យ៉ាងហោចណាស់ ៦ខែមុន ឬរយៈពេល ១ឆ្នាំមុន ដើម្បីឱ្យប្រតិបត្តិករក្នុងវិស័យទេសចរណ៍ មានភាពងាយស្រួលក្នុងការលក់កញ្ចប់ទេសចរណ៍ និងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើន។
លោកឧកញ៉ា បានលើកឡើងដូច្នេះថា៖ “ធម្មតាវិស័យទេសចរណ៍នៅកម្ពុជា មានរដូវមានភ្ញៀវច្រើន និងរដូវមិនសូវមានភ្ញៀវ។ ចាប់ពីខែ១០ រហូតដល់ខែ៣ ជាខែសម្បូរភ្ញៀវច្រើនមែនទែន ព្រោះនៅតំបន់អឺរ៉ុប អាមេរិក កាណាដា ចិន ជប៉ុន កូរ៉េ ត្រជាក់ខ្លាំងធ្លាក់ទឹកកក ប៉ុន្តែពីខែ៤ ដល់ខែ៩ ឬដល់ពាក់កណ្តាលខែ១០ ភាគច្រើនយើងលំបាក មិនត្រឹមតែកម្ពុជាយើងទេ សូម្បីប្រទេសនៅជុំវិញយើងក៏លំបាកដែរ”។
លោកឧកញ៉ា ឌិន សុមេធារិទ្ធ បានគូសបញ្ជាក់ថា ដូច្នេះទាក់ទងនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ដោយ កម្មវិធីបុណ្យសមុទ្រ ឬកម្មវិធីបុណ្យទន្លេក៏ដោយ កន្លងមកយើងទាក់ទាញភ្ញៀវក្នុងស្រុកច្រើន តែបើសិនជាយើងចង់ទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើន ទាល់តែការផ្សព្វផ្សាយទៅក្រៅរបស់យើងទូលំទូលាយ។ ម្យ៉ាងទៀត យើងត្រូវកំណត់ថ្ងៃឱ្យបានច្បាស់លាស់នៅក្នុងប្រតិទិន ឱ្យដូចបុណ្យជាតិ ព្រោះកាលណាគេលក់កញ្ចប់ទេសចរណ៍ គឺលក់រយៈពេល ១ឆ្នាំមុន ឬជាង ១ឆ្នាំមុន ឬយ៉ាងហោចណាស់ ៦ខែ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ០៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥៕

