លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា ការរៀបចំពិធីសន្និបាតលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃសុក្រនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់សមាគមឧកញ៉ាកម្ពុជា និងជាវាទិកាដ៏មានសារៈសំខាន់ដើម្បីឱ្យ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា បានផ្លូវប្តូរមតិយោបល់គ្នា។

ថ្លែងក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាព្រឹកថ្ងៃទី១៤ ខែមីនានេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានលើកឡើងបែបនេះថា៖ “ជាការពិតណាស់ ការរៀបចំសន្និបាតក្នុងថ្ងៃនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់សមាគមឧកញ៉ាកម្ពុជា និងជាវាទិកាដ៏មានសារៈសំខាន់ ដើម្បីឱ្យ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិក សមាជិកា សមាគមឧកញ៉ាកម្ពុជា បានផ្លូវប្តូរមតិយោបល់ និងអនុសាសន៍នានា សំដៅរួមគ្នាបូកសរុប និងវាយតម្លៃសមិទ្ធផលការងារក្នុងឆ្នាំកន្លងមក សំដៅលើកកម្ពស់សមត្ថភាព ការទទួលខុសត្រូវ និងបន្តនិរន្តរភាពរបស់សមាគម”។
លោកអ្នកឧកញ៉ា បានបន្ថែមថា ក្នុងនោះមិនខុសគ្នាពីសន្និបាតកាលពីឆ្នាំមុននោះទេ សន្និបាតប្រចាំឆ្នាំនេះ នឹងធ្វើសេចក្តីរាយការណ៍ជូនសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល នូវសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥ ជាពិសេសបទបង្ហាញនានា របស់សមាគម ដោយអគ្គលេខាធិការ និងតំណាងគណៈកម្មការពាក់ព័ន្ធ ហើយរបៀបវារៈបន្ទាប់យើងនឹងមានកម្មវិធីសំណួរ-ចម្លើយផងដែរ។
គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា កំពុងប្រារព្វពិធីសន្និបាតប្រចាំឆ្នាំលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត និងពិធីពិសារភោជនាអាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា៕



