សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ាៗ ឱ្យជួយវិនិយោគលើវិស័យកសិកម្ម និងគាំទ្រតម្លៃកសិផល

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ ឱ្យជួយវិនិយោគលើវិស័យកសិកម្ម គាំទ្រតម្លៃកសិផល ជាពិសេសគឺតម្លៃស្រូវ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីពិសាភោជនាហារសាមគ្គីគ្រួសារសមាគមឧកញ៉ាកម្ពុជា ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាលពីព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសកម្មភាពរបស់សមាគមឧកញ៉ា ដែលបានធ្វើ នាពេលកន្លងទៅសម្រាប់សង្គមជាតិ ជាពិសេសរួមគ្នាថ្វាយដង្វាយដល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដើម្បីដង្ហែក្នុងព្រះរាជសកម្មភាពមនុស្សធម៌របស់ព្រះអង្គទាំងទ្វេ។

ជាមួយគ្នានេះ សម្ដេចសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយនានា និងប្រជាជនកម្ពុជានឹងរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយសម្តេចបានអំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាទាំងអស់មិនថាឧកញ៉ា ឬមិនឧកញ៉ានោះទេ គប្បីត្រូវរួមគ្នាធ្វើឱ្យសម្រេចបាននូវគោលដៅនេះ។

ទន្ទឹមនឹងនេះ សម្ដេចតេជោសូមឱ្យសមាគមឧកញ៉ាដែលមានអ្នកវិនិយោគច្រើននៅទីនេះ ជួយទៅដល់វិស័យកសិកម្ម ការគាំទ្រនូវតម្លៃកសិផល ជាពិសេសគឺតម្លៃស្រូវតែម្តង។ 

សម្តេចតេជោបានលើកឡើងថា នៅពេលដែលមានវិបត្ដិស្រូវដែលប្រជាជនត្រូវការលក់ចេញ មានឧកញ៉ាខ្លះ ដែលត្រូវការជួយឧបត្ថម្ភប្រជាជនជាអង្ករ ដូច្នេះឧកញ៉ាទាំងអស់នោះអាចទៅជួយទិញស្រូវ ដើម្បីមកកិនទៅជាអង្ករហើយយកទៅចែកចាយជូនប្រជាជន ឬបុគ្គលិករបស់ខ្លួនបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា គួរតែពិនិត្យអំពីការខិតខំដើម្បីបង្កើនតម្លៃបន្ថែម តាមរយៈផលិតកម្មកសិកម្មដែលកម្ពុជាមានច្រើនណាស់ដូចជាស្វាយចន្ទីជាដើម ខណៈដែលកម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេសដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេនៅលើពិភពលោក។

សម្តេចបានគូសបញ្ជាក់ថា បើសិនជាកម្ពុជាដាំដំណាំឧស្សាហកម្មបានច្រើនដូចជាស្វាយចន្ទីជាដើមនោះ នឹងអាចរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករផង និងអាចបង្កើតបាននូវគម្របព្រៃឈើកាន់តែធំដែលធានាឱ្យភាពបៃតងរបស់កម្ពុជា ដែលចំណុចនេះគួរតែត្រូវបានរួមគ្នាឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានទាំងកសិ-ឧស្សាកម្ម និងកសិ-ពាណិជ្ជកម្ម៕