សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោរមងារឧកញ៉ា ផ្តល់ជូនសម្រាប់អ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន

ជុំវិញ​ឧកញ៉ា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គោរមងារឧកញ៉ាផ្តល់ជូនសម្រាប់អ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន និងដែលបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួន មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ និងអ្នកដទៃទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធី​បិទ​សន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា គោរមងារឧកញ៉ា​ផ្តល់ជូន​អ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពី​ការ​​តស៊ូរបស់ខ្លួន ក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិន​ត្រឹមតែសម្រាប់ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាង​សមិទ្ធផលសង្គម កិច្ច​ការ​មនុស្ស​ធម៌ និងជួយអ្នកដទៃ។ ដូច្នេះ សូមទាំងអស់គ្នាថែរក្សាកិត្តិនាម​ កិត្តិយស និងគុណ​សម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរមងារដ៏មានតម្លៃឱ្យបានយូរអង្វែង។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស​ ផងដែរ។ 

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹងវិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់, ដាក់ចេញនូវគោលនយោបាយ និងបើកច្រកព្រំដែន ឯវិស័យឯកជន គឺជាអ្នកឆ្លើយឆ្លងជាមួយនឹងវិស័យឯកជន និងបន្តទំនាក់ទំនងប្រទាក់ក្រឡា៕