កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ឧកញ៉ា អ៊ឹង គីមហុង រួមនឹងលោកជំទាវឧកញ៉ា សុខ ស្រីអូន បានអញ្ជើញចូលរួមកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និងកូនស្រីឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា និងកូនស្រីឯកឧត្តម ឃួង ស្រេងនេះ សង្កេតឃើញថាមានការអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមពីសំណាក់ សម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកមុខអ្នកការជាច្រើនរូប។
ក្រៅពីវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ ក៏មានវត្តមានរបស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបផងដែរ។ ក្នុងនោះយើងសង្កេតឃើញថា ភរិយារបស់ឧកញ៉ា អ៊ឹង គីមហុង គឺលោកជំទាវឧកញ៉ា សុខ ស្រីអូន បានតុបតែងខ្លួនចូលរួមកម្មវិធីនេះយ៉ាងស្រស់ស្អាត រំលេចទៅដោយគ្រឿងអលង្ការពេជ្រ រួមទាំងសម្លៀកបំពាក់ចាំងប្រណិតផងដែរ។
តាមការបញ្ជាក់ពីលោកជំទាវឧកញ៉ា សុខ ស្រីអូន នៅលើបណ្ដាញសង្គមតិកតុករបស់ខ្លួន បានឱ្យដឹងថា គ្រឿងអលង្ការពេជ្រ សម្លៀកបំពាក់ របស់ខ្លួននិងស្វាមីពាក់ចូលរួមពិធីមង្គលការការកូនឧកញ៉ា លីម ប៊ុណ្ណា គឺមានតម្លៃរហូតដល់ជិត២លានដុល្លារឯណោះ។ ដែលគ្រឿងអលង្ការទាំងអស់រួមមាន៖ រ៉ូបតម្លៃ៤០០ដុល្លារ, កាបូបយួរដៃពណ៌ផ្កាឈូក ជាង៩០០០ដុល្លារ, នាឡិកាដៃពីរគ្រឿង ជិត៧០ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រ៣វង់ជាង៥០ម៉ឺនដុល្លារ, កងដៃពេជ្រស្រោមដោយត្បូងពណ៌ក្រហម ជាង២ម៉ឺនដុល្លារ, ខ្សែកពេជ្រ ជាង២ម៉ឺនដុល្លារ, ក្រវិលពេជ្រជាង៧០០០ដុល្លារ និងខ្សែកមាសរំលេចដោយឈ្មោះបុរី TLL ១គីឡូកន្លះ។
សូមជម្រាបជូនថា លោកជំទាវឧកញ៉ា សុខ ស្រីអូន គឺជាភរិយារបស់លោកឧកញ៉ា អ៊ឹង គីមហុង រហ័សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» ម្ចាស់បុរី TLL គឺជាអគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ដែលជាម្ចាស់ហាងលក់ផលិតគ្រឿងសម្អាងរបស់កូរ៉េ និងលក់កាបូបនារីម៉ាកល្បីៗ។ លោកជំទាវទើបតែត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ៕





