អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោក លោកស្រី ជាសប្បុរសជន ជាង២០រូប ទទួលបានការផ្តល់កិតិ្តយសដ៏ខ្ពង់ខ្ពស់ បំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបំពាក់មេដាយនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
អ្នកឧកញ៉ា និងឧកញ៉ាៗដែលទទួលបានការបំពាក់មេដាយជាតូបការពីសម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ អ្នកឧកញ៉ា លី យូគៀក សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណីត Hawon Auto Car និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា លាង ហួង អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ព្រមទាំងភរិយា, ឧកញ៉ា លន់ ពៅ សមាជិកសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឧកញ៉ាៗ និងលោក លោកស្រី ជាសប្បុរសជនមួយចំនួនទៀត។
សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជន ដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ៕





















