អ្នកឧកញ៉ា ទៀ វិចិត្រ ទទួលបានការបំពាក់មេដាយ «ជាតូបការ» ពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបំពាក់មេដាយនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ក្រោយទទួលបានការបំពាក់មេដាយដ៏កិត្តិយសនេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារលើទំព័រហ្វេសប៊ុកដូច្នេះថា៖ “អរគុណសន្តិភាព មានសន្តិភាព ទើបខ្ញុំមានឱកាសទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ “ជាតូបការ” ដល់ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជន ដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ។

សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ ជាអ្នកជំនួញដ៏លេចធ្លោ និងមានឥទ្ធិពលខ្លាំងបំផុតមួយរូប នៅក្នុងទឹកដីខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ និងទទួលបានគោរមងារ «អ្នកឧកញ៉ា» កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕