គិតមកទល់បច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិក សមាជិកា សរុបចំនួន ៤៤១រូប ហើយ។ នេះបើតាមរបាយការណ៍របស់សមាគម ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី២ និងពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីពេលបង្កើតសមាគម រហូតមកទល់បច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិក សមាជិកា សរុបចំនួន ៤៤១រូប ក្នុងនោះ លោកអ្នកឧកញ៉ា មានចំនួន ៥រូប, អ្នកឧកញ៉ា មានចំនួន ១៣៥រូប និងឧកញ៉ា មានចំនួន ៣០១រូប។ កន្លងមក លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ធ្លាប់បានអំពាវនាវដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលមិនទាន់បានចុះឈ្មោះជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមចុះឈ្មោះដើម្បីបានចូលរួមជាចំណែកជាមួយសមាគម ជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ ព្រមទាំងធ្វើសកម្មភាពដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ៕



