ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា វ៉ាន់ ស៊ូអៀង ជា «អ្នកឧកញ៉ា»។ នេះបើតាមការបង្ហាញឱ្យដឹងពី សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ជាប្រធានកិត្តិយស នៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), ប្រធានកិត្តិយស នៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងជាអតីតអភិបាលមួយរូប នៃធនាគារ អេស៊ីលីដា ផងដែរ។
លោកឧកញ៉ា ក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាល អេស៊ីអា អ៊ិនសូរិន (ខេមបូឌា), អនុប្រធានក្រុមប្រឹក្សាភិបាល Asia Properties Cambodia Ltd, ប្រធានក្រុមប្រឹក្សាភិបាល PPS Garment Factory, ប្រធាន PPS Industrial Estate Holding Co., Ltd, ប្រធាន Cambodian Country Club (CCC) នៅផ្លូវ២០០៤, ប្រធាន ហ្គោលដេន សូរិយា ម៉ល និងជាប្រធាន Boutique Hotel La Plantation Resort and SPA។
សូមជម្រាបថា អ្នកឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលជាអ្នកសិក្សាជ្រៅជ្រះមួយរូប បានបញ្ចប់ការសិក្សាមកពីទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងមានមុខជំនួញជាច្រើនក្នុងដៃ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣៕


