ឧកញ៉ា យ៉ែន ស្រ៊ន់ ប្រធានក្រុមហ៊ុន Standard Construction & Engineering Co., Ltd ហៅ SCE និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា មានឋានៈស្មើ «រដ្ឋមន្ត្រី» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៥/៣៧៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្រេចតែងតាំងទីប្រឹក្សា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា សរុបចំនួន ៦២ រូប ក្នុងនោះ ទីប្រឹក្សាមានឋានៈស្មើរដ្ឋមន្ត្រី ចំនួន ៧រូប, ទីប្រឹក្សាមានឋានៈស្មើរដ្ឋលេខាធិការ ចំនួន ៥រូប, ទីប្រឹក្សាមានឋានៈស្មើអនុរដ្ឋលេខាធិការចំនួន ៥រូប។
ជាមួយគ្នានោះ សម្រាប់ការតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារ មានឋានៈស្មើ រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន ១៤រូប រួមទាំង ឧកញ៉ា យ៉ែន ស្រ៊ន់ ទទួលបានការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា ឋានៈស្មើរដ្ឋមន្ត្រី។ រីឯការតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារ និងពុំបញ្ជាក់អំពីឋានៈស្មើ មានចំនួន ៣១រូបទៀតផងដែរ៕










