លោកជំទាវអ្នកឧកញ៉ា តាំង វួចឡាយ ម្ចាស់ក្រុមហ៊ុន ភីធីសុី កំព្យូទ័រ ខូ អិលធីឌី (PTC Computer Co., Ltd) បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

លោកជំទាវ អ្នកឧកញ៉ា តាំង វួចឡាយ សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ភីធីសុី កំព្យូទ័រ ខូ អិលធីឌី ដែលមានអាសយដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកជំទាវអ្នកឧកញ៉ា ជាភរិយារបស់ អ្នកឧកញ៉ា អុឹង សែ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ និងជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា អុឹង សែ និងភរិយា ឧកញ៉ា តាំង វួចឡាយ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ក្នុងថ្ងៃដំណាលគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ គឺជាស្ថាបនិកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ដែលជាក្រុមហ៊ុនធំជាងគេបំផុតមួយក្នុងប្រទេសកម្ពុជា លើការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា រយៈពេលជិត ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៦ មក។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕


