នៅឆ្នាំ២០២៥នេះ សមាគមឧកញ៉ាកម្ពុជា ក្រោមការដឹកនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន បានកំណត់សកម្មភាពជាអាទិភាព ចំនួន១០ចំណុច ដែលត្រូវអនុវត្ត។ បើតាមរបាយការណ៍របស់សមាគម ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី២ និងពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ទិសដៅផែនការ ឆ្នាំ២០២៥ ចំនួន ១០ចំណុច រួមមានដូចខាងក្រោម៖

១. បន្តពង្រីកការផ្សព្វផ្សាយព្រះរាជក្រឹត្យ និងអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា។
២. បន្តពង្រឹងនិងពង្រីកការប្រឹក្សាយោបល់ផ្នែកច្បាប់ ការងារសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនសមាជិក។
៣. រៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមងារឧកញ៉ា និងបណ្ណសម្គាល់សមាជិកសមាគម។
៤. បន្តពង្រឹង និងពង្រីកកិត្យានុភាពរបស់សមាគម ទាំងការផ្សព្វផ្សាយ ការកៀរគរសមាជិកឱ្យបានកាន់តែច្រើន ក៏ដូចជាការពារនូវផលប្រយោជន៍ស្របច្បាប់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្ត ដែលជាសមាជិកព្រមទាំងផ្តល់នូវអត្ថប្រយោជន៍នានា ស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។
៥. បន្តអនុវត្តសកម្មភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងស្ថាប័នឯកជននានា លើសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ ក្នុងគោលដៅផ្តល់នូវអត្ថប្រយោជន៍ដល់សមាជិក ដែលសុទ្ធសឹងតែជាពាណិជ្ជករ ក៏ដូចជាការរួមចំណែកក្នុងការបង្កើតការងារជូនប្រជាជនកម្ពុជា។
៦. បន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការពិនិត្យ វាយតម្លៃ លើកសំណើ និងការបញ្ចប់គោរមងារឧកញ៉ា។
៧. បន្តពង្រឹងនិងពង្រីកសកម្មភាពនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងរង្វង់គ្រួសារសមាគមឧកញ៉ា ទាំងលើសេវាកម្ម ការចូលរួម និងការបង្កើតកម្មវិធីជួបជុំចែករំលែកបទពិសោធន៍ និងពិសារអាហារសាមគ្គី។
៨. បង្កើតវេទិកាផ្គូផ្គងធុរកិច្ច សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ភាពជាដៃគូនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
៩. បន្តចងក្រង និងធ្វើបច្ចុប្បន្នភាពអំពីព័ត៌មាននៃអាជីវកម្មរបស់សមាជិកទាំងអស់ ដើម្បីធ្វើការផ្សព្វផ្សាយជាពិសេសលើផ្នែកឌីជីថល ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់បណ្តាវិនិយោគិនបរទេស ដែលក្នុងនោះរួមមាន សៀវភៅឧកញ៉ា សៀវភៅសកម្មភាពព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាស និងឯកសារនានា។
១០. បន្តសកម្មភាពរបស់សមាគមក្នុងកម្មវិធីសប្បុរសធម៌ និងការងារសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមការអំពាវនាវ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។




សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់តំណាងឱ្យគោរមវន្ត ទាំងអស់នៅកម្ពុជា និងជាស្ថាប័ន អព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃ។ គិតមកទល់បច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិក សមាជិកា សរុបចំនួន ៤៤១រូប៕




















