លោកជំទាវ ជា ស៊ីណា ឃួងស្រេង ដែលត្រូវជាដន្លងរបស់លោកឧកញ៉ា លីម ប៊ុណ្ណា ជាអ្នករៀបចំរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរដោយផ្ទាល់ដៃ ក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនស្រីប្រុស កាលពីពេលថ្មីៗកន្លងទៅនេះ។

កញ្ញា ឃួង ស៊ីណាម៉ាឡែន ជាកូនក្រមុំក្នុងពិធីមង្គលនេះ បានបង្ហើបឱ្យដឹងលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថាម៉ាក់របស់ខ្លួនគឺជាអ្នករចនាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរដោយផ្ទាល់ដៃ។ កញ្ញា បានបញ្ជាក់ជាមួយនឹងសេចក្តីថ្លែងអំណរគុណដូច្នេះថា៖ “សូមអរគុណម៉ាក់ដែលបានរចនាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរអោយកូនៗដោយផ្ទាល់ដៃ។ កូនៗពិតជារំភើបណាស់ ដែលបានរៀបមង្គលអាពាហ៍ពិពាហ៍ទៅតាមគន្លងប្រពៃណីយើង ហើយក៏មិនអាចមានថ្ងៃអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និងពោរពេញទៅដោយអត្ថន័យបែបនេះបានទេ បើគ្មានយកចិត្តទុកដាក់ពីម៉ាក់។ កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់”។
ជាមួយគ្នានេះដែរ លោកជំទាវ ជា ស៊ីណា ឃួងស្រេង ក៏បានបង្ហាញសារកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះថា ក្នុងនាមជាម្តាយពិតជារំភើបចិត្តឥតឧបមាដែលបានឃើញកូនៗគ្រងឈុតសំលៀកបំពាក់ និងគ្រឿងអល្លង្ការតាមបែបប្រពៃណីខ្មែរ ដែលលោកជំទាវបានរៀបចំចេញពីក្តីស្រលាញ់អស់ពីបេះដូងក្នុងថ្ងៃសិរីមង្គលរបស់កូនៗ។ លោកជំទាវ ក៏សូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានជួយសម្របសម្រួលក្នុងកម្មវិធី។
សូមជម្រាបថា កាលពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ មានការរៀបចំពិធីសិរីមង្គលកូនប្រុសស្រីលំដាប់ត្រកូលអភិជនដ៏ធំបំផុតមួយប្រចាំឆ្នាំនេះ ដែលកូនកំលោះនាម លីម សុធារ៉ា ត្រូវជាកូនប្រុសរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប និងលោកស្រី ថុង ធីតា។ រីឯកូនស្រីនាម ឃួង ស៊ីណាម៉ាឡែន ជាកូនស្រីរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង៕


















