លោកអ្នកឧកញ៉ា ពុង ឃាវសែ យាងនិមន្តសម្តេចសង្ឃនាយក អំ លីមហេង ពិនិត្យទីតាំងតម្កល់ព្រះបដិមាជាង ២០០ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងពិនិត្យទីតាំងតម្កល់ព្រះពុទ្ធបដិមាជាង ២០០ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ជាទីគោរពសក្ការៈបូជារបស់បណ្តាពុទ្ធបរិស័ទជាតិ និងអន្តរជាតិធ្វើដំណើការឆ្លងកាត់នៅទីនោះ តបតាមការយាងនិមន្ត របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប និងលោកឧកញ៉ា វ៉ាន់ ឆារស៍ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា វ៉ាន់ ឆារស៍ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន CAIC បានលើកឡើងអំឡុងពេល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី ៥៦ស្ថាប័នធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថាក្រៅពីចម្លាក់បដិមាចំនួន ២០០ នៅបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំដាក់បដិមាព្រះពុទ្ធដ៏ធំមួយផងដែរ។

ឧកញ៉ា វ៉ាន់ ឆារស៍ជួន បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តជាតិតេជោ នឹងរៀបចំដំឡើងបដិមាព្រះពុទ្ធដ៏ធំមួយ ចំកណ្ដាលបរិវេណខាងក្នុងកន្លែងច្រកចេញ-ចូលបោះត្រាលិខិតឆ្លងដែន។ ការកសាងទីតម្កល់ព្រះពុទ្ធបដិមា គឺដើម្បីបង្ហាញពី រចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនាពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា បើតាមការបញ្ជាក់របស់ ឧកញ៉ា វ៉ាន់ ឆារស៍ជួន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ថាជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា បច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥% ហើយ និងចំណាយទឹកប្រាក់អស់ប្រមាណ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕