ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប របស់អ្នកឧកញ៉ា សុខ គង់ បានបង្ហាញពីសក្តានុពល និងវឌ្ឍនភាពនៃដំណើរការនៃការអភិវឌ្ឍន៍ក្រុងបូកគោ លើគម្រោងធំៗចំនួន៤ ដែលនឹងធ្វើឱ្យតំបន់ភ្នំបូកគោ នៃខេត្តកំពតមួយនេះ កាន់តែមានភាពទាក់ទាញបន្ថែមទៀត នាពេលខាងមុខនេះ។

តាមការឱ្យដឹងពី ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីពេលថ្មីៗនេះ សក្តានុពល និងដំណើរការនៃការអភិវឌ្ឍន៍ក្រុងបូកគោ លើគម្រោងធំៗទាំង៤ គឺរួមមាន៖ ១.ផ្លូវថ្មីតភ្ជាប់ពីឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ប្រវែង ៦១គីឡូម៉ែត្រ គ្រោងចំណាយថវិកា ១៨០លានដុល្លារ, ២.ការសាងសង់ទំនប់ទឹកថ្មីលើខ្នងភ្នំបូកគោ ដែលអាចស្តុកទឹកបានរហូតដល់១លាន ២សែនម៉ែត្រគូប ដើម្បីបំពេញតម្រូវការកំពុងកើនឡើងរបស់ប្រជាជន ដែលរស់នៅលើភ្នំបូកគោ និងសម្រាប់ប្រើប្រាស់ក្នុងការធ្វើអាជីវកម្មនានាក្នុងតំបន់, ៣.ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលរួមមានទាំងការកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ និង ៤.កន្លែងស្នាក់នៅ នៃគម្រោងលំនៅឋានក្រុងបូកគោ។
ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានគូសបញ្ជាក់ថា កន្លងមកក្រុមហ៊ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបង្កើតឱកាសការងារដ៏សម្បូរបែប។ ប្រតិបត្តិការរបស់ក្រុមហ៊ុនមួយនេះ បានគ្របដណ្តប់លើវិស័យជាច្រើនរួមមាន វិស័យបដិសណ្ឋារកិច្ច ផលិតកម្ម កសិកម្ម និងថាមពល ដែលមិនត្រឹមតែផ្តល់ការងារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ បានបង្ហើបឱ្យដឹងផងដែរថា រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ៥ គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅតំបន់ភ្នំបូកគោ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ បានទទួលសិទ្ធិវិនិយោគ អភិវឌ្ឍន៍ ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ពីរាជរដ្ឋាភិបាលលើផ្ទៃដីមួយផ្នែកធំ ក្នុងរយៈពេលវែង ចាប់ពីឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ៕







