មានប្រវត្ដជាកូនអ្នកក្រីក្រលំបាក រស់នៅក្រោមដំបូលផ្ទះប្រក់ស្បូវ លោកជំទាវ ឧកញ៉ា សុខ ស្រីអូន ភរិយារបស់ឧកញ៉ា អ៊ឹង គីមហុង តែងតែចូលរួមធ្វើការងារសប្បុធម៌នានាជាច្រើនដើម្បីចែករំលែកដល់អ្នកខ្វះខាត និងអ្នកគ្មានលទ្ធភាព។

ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍កាលពីពេលថ្មីៗនេះ លោកជំទាវឧកញ៉ា សុខ ស្រីអូន បានឱ្យដឹងថា កន្លងមកលោកជំទាវតែងតែចូលរួមជាមួយនឹងកម្មវិធីសប្បុរសធម៌នានាមិនថានៅតាមបណ្ដារខេត្ដ ក៏ដូចជាក្នុងរាជធានីភ្នំពេញនោះ គឺក្នុងគោលបំណងចែករំលែកក្ដីស្រឡាញ់ សម្ភារៈសិក្សា ថវិកា និងចែករំលែកពីបទពិសោធន៍នៃការខិតខំប្រឹងប្រែងតាំងពីនៅក្រលំបាកមិនសូវមានរបស់ហូបរហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។
តាមរយៈការងារសប្បុរសធម៌កន្លងមក លោកជំទាវឧកញ៉ា រួមជាមួយឧត្ដមស្វាមី លោកឧកញ៉ា អ៊ឹង គីមហុង បានចុះតាមបណ្ដារខេត្ដជាច្រើនរួមមានខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ស្ពឺ ជាដើម ដើម្បីចុះទៅជួបផ្ទាល់ មើលស្ថានភាពជាក់ស្ដែងផ្ទាល់ចំពោះសាលានៅជនបទដាច់ស្រយាល ដោយឧបត្ថម្ភគាំទ្រ សម្ភារៈសិក្សា កង់ ថវិកាជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
ក្រៅពីនោះដើម្បីជំរុញនិងលើកស្ទួយអំណាននៅកម្ពុជា លោកជំទាវក៏បានឧបត្ថម្ភដល់ទេសចរអំណាចតាមរថយន្ដរបស់លោក អុក វណ្ណដេត ដោយផ្ដល់ជាសម្ភារៈសិក្សា សៀវភៅអានល្អៗ ថវិកា និងការគាំទ្រជាច្រើនទៀតដល់ដំណើរការទេសចរអំណាននេះ។
លោកជំទាវគូសបញ្ជាក់ថា ការធ្វើការងារសប្បុរសធម៌ទាំងនេះលោកជំទាវ និងស្វាមីមិនដែលបង្ហាញតាមបណ្ដាញសង្គមឱ្យគេឃើញនោះទេ ព្រោះថាជាការងារសប្បុរស ធ្វើដោយស្មគ្រចិត្ដ ធ្វើដោយក្ដីស្រឡាញ់។ ដោយឆ្លងកាត់ការលំបាកជាច្រើនកាលនូវកុមារភាព តស៊ូរហូតបានជោគជ័យមកដល់ពេលនេះ លោកជំទាវមិនដែលភ្លេចជួយដល់អ្នកក្រីក្រខ្សត់ និងលើកកម្ពស់ការអប់រំនៅកម្ពុជានោះទេ។
ទន្ទឹមនឹងការងារសប្បុធម៌ខាងលើនេះ លោកជំទាវឧកញ៉ា សុខ ស្រីអូន និងឧត្ដមស្វាមី ឧកញ៉ា អ៊ឹង គីមហុង តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជាមួយរាជរដ្ឋាភិបាល ជួយដល់សង្គមជាហូរហែ។ ក្នុងនោះក៏បានដឹកនាំក្រុមការងារបរិច្ចាគឈាម និងចែកអង្ករ គ្រឿងបរិភោគជាច្រើននៅពេលកម្ពុជាជួបវិបត្ដិ កូវីដ-១៩។ ពិសេសគេសង្កេតឃើញឧកញ៉ាទាំងពីររូប តែងចែករំលែកម្ហូបអាហារដល់អ្នកខ្វះខាត នៅមុខភូមិគ្រឹះផ្ទាល់ខ្លួនផងដែរ។
សូមជម្រាបជូនថា ក្រៅពីជួយជ្រោមជ្រែងស្វាមីលើវិស័យអចលនទ្រព្យ លោកជំទាវឧកញ៉ា សុខ ស្រីអូន ក៏ជាអគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ដែលជាម្ចាស់ហាងលក់ផលិតគ្រឿងសម្អាងរបស់កូរ៉េ និងលក់កាបូបនារីម៉ាកល្បីៗ។ លោកជំទាវទើបតែត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៕
















