លោក ឌួង ឆាយ បានទទួលគោរមងារជាឧកញ៉ា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ និងជាអគ្គនាយកក្រុមហ៊ុន បុរី ដោនថោន នៅលេីផ្លូវ ដួង ងៀប ក្នុងរាជធានីភ្នំពេញ ជាអ្នកជំនួញល្បីឈ្មោះមួយរូបនៅលើបណ្តាញសង្គម ប៉ុន្តែបន្ទាប់ពីមានរឿងអាស្រូវក្នុងគ្រួសាររហូតដល់មានការលែងលះគ្នាជាមួយអតីតភរិយា អ្នកស្រី ដេត ម៉ាលីណា និងការបែកធ្លាយអំពើហិង្សាទៀតនោះ រាជរដ្ឋាភិបាលក៏បានស្នើបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោកវិញ និងត្រូវបានអតីតប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ ជាផ្លូវការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។


គួរបញ្ជាក់ថា គោរមងារឧកញ៉ា ត្រូវបានផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានចូលរួមចំណែកក្នុងការជួយឧបត្ថម្ភក្នុងការកសាងសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងសមិទ្ធផលនានា ព្រមទាំងបានចូលរួមចំណែកក្នុងកិច្ចការងារសង្គម ក៏ដូចជាការងារមនុស្សធម៌។
កន្លងមក សមាគមឧកញ៉ាកម្ពុជា តែងតែយកចិត្តទុកដាក់ចលនាឱ្យមានការរួមគ្នាលេីកកម្ពស់ឧត្តមភាព គុណតម្លៃ កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា ដេីម្បីធ្វេីយ៉ាងណាទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងនោះដែរ សមាគមក៏ធ្លាប់បានអំពាវនាវជារឿយៗ និងចាត់វិធានការស្នើសុំទៅរាជរដ្ឋាភិបាលដេីម្បីបញ្ចប់គោរមងារ ឧកញ៉ា ចំពោះបុគ្គលណាដែលប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ក៏ដូចជាអំពេីល្មើសច្បាប់ និងការឆបោកជាដេីម។
បេីយោងតាមព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ គោរមងារឧកញ៉ា អាចត្រូវបានបញ្ចប់ក្នុងករណីមួយចំនួនរួមមាន៖
១.គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត។
២.គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ។
៣.គោរមវន្តត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា ១៧ នៃព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា (លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា)។
៤.គោរមវន្តត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ាមានការក្លែងបន្លំ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា តាមទិន្នន័យគិតពីឆ្នាំ ១៩៩៥ មានឧកញ៉ាចំនួន ១៩៤៧ រូប (មិនទាន់ជំរឿន) ក្នុងនោះបានបញ្ចប់គោរមងារសរុបចំនួន ១៤០រូប, រួមមាន ១២៦រូប បានសុំលាលែងដោយសារវិសមិតភាព ដោយការស្ម័គ្រចិត្ត និងមួយចំនួនទៀតបានប្រព្រឹត្តបទល្មើសផ្សេងៗ ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានរំលឹកនូវការអនុម័តយល់ព្រមលេីសំណេីរពី សមាគមឧកញ៉ា ក្នុងការស្នេីសុំធ្វេីបច្ចុប្បន្នកម្មគោរមវន្តទាំងអស់នៅកម្ពុជា និងស្នេីឱ្យ ឧកញ៉ា ចូលរួមសហការក្នុងការធ្វេីបច្ចុប្បន្នភាពនេះឱ្យបានគ្រប់ៗគ្នាផងដែរ។





