នារសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃជាង ១១លានដុល្លារ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព និងការត្រៀមលក្ខណៈ នៃការរៀបចំពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងការថែទាំ (O & M Agreement) នៃកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាមួយក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ ក្នុងគោលបំណងផ្តល់សិទ្ធិប្រតិបត្តិការវិនិយោគឱ្យទៅ ក្រុមហ៊ុន ដើម្បីក្រុមហ៊ុនអាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដីជាង ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕






