លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ និង​ ២៥​ ឆ្នាំនៃការអភិវឌ្ឍក្រុមហ៊ុន​​ អូស៊ីអាយស៊ី (OCIC)​

ជុំវិញ​ឧកញ៉ា

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងលេចរូបរាងយ៉ាងឆាប់រហ័ស ដែលជាដំណាក់កាលសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ ថ្មីៗនេះ អ្នកដឹកនាំធុរកិច្ចកំពូលមកពីសភាពាណិជ្ជកម្មអាមេរិក បារាំង និងអឺរ៉ុប បានអញ្ជើញទស្សនកិច្ចដំណើរការសាងសង់មុនពេលបើកដំណើរការនៅឆ្នាំនេះ ដោយផ្តោតទៅលើការលូតលាស់នៃការអភិវឌ្ឍរបស់កម្ពុជាក្នុងគម្រោងទ្រង់ទ្រាយធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាងសង់ឡើងដោយក្រុមហ៊ុន ខេមបូឌ៊ា អ៊ែរផត អ៊ិនវេសមិន ឯ.ក (Cambodia Airport Investment, Co. Ltd.) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង អូស៊ីអាយស៊ី គ្រុប (OCIC) និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ការអភិវឌ្ឍនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ក្នុងការសាងសង់ និងបញ្ចប់គម្រោងធំៗ។

«គោលដៅរបស់យើងគឺតែងតែសាងសង់ឲ្យលើសពីទិដ្ឋភាពបច្ចុប្បន្ននេះ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់អ្នកជំនាន់ក្រោយ។ គ្រប់គម្រោងដែលយើងអនុវត្តគឺជាជំហ៊ានឆ្ពោះទៅកាន់ប្រទេសកម្ពុជាដែរកាន់តែរឹងមាំនិងមានការតភ្ជាប់។» – លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ

អ្នកជំនួញកម្ពុជារូបនេះ បានចាប់ផ្តើមអាជីពធនាគាររបស់គាត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដោយបានបើកដំណើរការធនាគារ កាណាឌីយ៉ា និងរួមចំណែកក្នុងការស្ថាបនាឡើងវិញនូវវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ នៅឆ្នាំ ២០០០ គាត់បានបង្កើត អូស៊ីអាយស៊ី គ្រុប (OCIC) ដោយពង្រីកទៅលើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដែលការអភិវឌ្ឍរបស់គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ពីការអភិវឌ្ឍទីក្រុង ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ

អូស៊ីអាយស៊ី គ្រុប (OCIC) បានចាប់ផ្តើមដំណើររបស់ខ្លួនក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។ គម្រោងដំបូងមួយរបស់អូស៊ីអាយស៊ី គឺបុរី ចំការមន។ ដោយផ្អែកលើជោគជ័យនេះ អូស៊ីអាយស៊ី គ្រុប (OCIC) បានពង្រីកគោលដៅរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវគម្រោងសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន និងស្ពានអាកាស ដែលលើកកម្ពស់ការតភ្ជាប់ក្នុងទីក្រុង។ អូស៊ីអាយស៊ី គ្រុប (OCIC) បានធ្វើពិពិធកម្មទៅក្នុងវិស័យថ្មីៗ រួមទាំងវិស័យអប់រំ វិស័យកសិកម្ម និងវិស័យសុខាភិបាល ដោយពង្រឹងតួនាទីរបស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ការអភិវឌ្ឍលំនៅដ្ឋាន – លំនៅដ្ឋានជាង ១០,០០០ ត្រូវបានសាងសង់នៅទូទាំងប្រទេសតាមគម្រោងផ្សេងៗ ដោយបានបំពេញតម្រូវការរបស់ទីផ្សារអចលនទ្រព្យកម្ពុជា និងរួមចំណែកដល់ការពង្រីកទីក្រុងចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០។

កោះពេជ្រ និងការពង្រីកទីក្រុង – ជាតំបន់មួយដែលមានភាពរស់រវើកនៅចំកណ្តាលទីក្រុងភ្នំពេញ ដែលស្ថិតនៅតាមដងទន្លេមេគង្គ កោះពេជ្របានប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើន ដែលមានអាជីវកម្មជាង ១,០០០ កន្លែង រួមទាំង សាលារៀនអន្តរជាតិ និងខុនដូខ្ពស់ៗ។ ជាមួយនឹងការបន្ថែមជម្រើសហាងទំនិញ និងភោជនីយដ្ឋាន រួមមានម៉ាកយីហោល្បីៗដែលនឹងបើកក្នុងពេលឆាប់ៗនេះ ដូចជា Breadtalk, Koi Thé និង Kyō Shabu កោះពេជ្របានក្លាយជាគោលដៅសំខាន់សម្រាប់អាជីវកម្ម និងការរស់នៅថ្មី។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០០៦ កោះពេជ្រឥឡូវនេះជាតំបន់ពាណិជ្ជកម្មដែលកំពុងរីកចម្រើនជាកន្លែងសម្រាប់ក្រុមហ៊ុនអន្តរជាតិដូចជា Unilever, Nestle, DKSH, KPMG, Baker Tily, Jotun, Legrand, AIA, Minibea, CMA CGM, Starbucks និង FoodPanda ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដូចជា Sok Siphana & Associates, AI Farm Robotics, KlapYaHandz, Orchid Hospital, Rising Giants, និង សហព័ន្ធធុរកិច្ចថ្មីនៃកម្ពុជា។ កោះពេជ្រគឺជាលំនាំមួយនៃការអភិវឌ្ឍតំបន់ទីក្រុងធំៗផ្សេងទៀតរបស់ អូស៊ីអាយស៊ី គ្រុប (OCIC) ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់គម្រោងជាបន្តបន្ទាប់ រួមមានទីក្រុងរណបជ្រោយចង្វារ (២០១១) ដឹ អូឡាំព្យា ស៊ីធី (២០១២) និង ទីក្រុង នរា (២០១៨)។

តំបន់ទីក្រុងដែលមានសោភ័ណភាពបៃតង – អូស៊ីអាយស៊ី គ្រុប (OCIC) បានអភិវឌ្ឍតំបន់កម្សាន្ត ដូចជា សួនឧទ្យាន Coconut Park នៅកោះពេជ្រ និង Norea Parkway ដែលមាន Brown Café, Riverlight, និង សួនឧទ្យាន Coconut Park Norea ដែលទើបនឹងបើកដំណើរការថ្មីៗ ដោយផ្តល់ជាទីកន្លែងសម្រាក់លំហែកាយសម្រាប់សហគមន៍។

អាពាហ៍ពិពាហ៍ ការប្រគុំតន្ត្រី និងការតាំងពិព័រណ៏ពាណិជ្ជកម្ម – ចាប់ពីសាលប្រជុំ កោះពេជ្រ រហូតដល់សាលប្រជុំ OCIC CCV ទីកន្លែងទាំងនេះបានរៀបចំព្រឹត្តិការណ៍រាប់ម៉ឺន ដោយស្វាគមន៍អ្នកគ្រប់គ្នាពីគូស្វាមីភរិយាថ្មី រហូតដល់ថ្នាក់ដឹកនាំពិភពលោក។ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសនិ្នបាត និងពិព័រណ៏អន្តរជាតិជ្រោយចង្វារ ដោយមានការចូលរួមពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអតីតនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។

ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ – អូស៊ីអាយស៊ី គ្រុប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការធ្វើដំណើរនៅរាជធានី ភ្នំពេញ ដោយបានសាងសង់ស្ពានអាកាសចំនួនប្រាំបី និងស្ពានសំខាន់ៗចំនួន ៣ ដែលធៀបបានដល់ជិត ៨០% នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានក្នុងទីក្រុង ដែលបានកាត់បន្ថយការកកស្ទះ និងធ្វើឲ្យការតភ្ជាប់មានការប្រសើរឡើង។

២៥ ឆ្នាំនៃការរីកចម្រើន៖ សមិទ្ធផលសំខាន់ៗរបស់ អូស៊ីអាយស៊ី ក្នុងប្រទេសកម្ពុជា

ពីភាពជាដៃគូដំបូងរបស់ខ្លួនជាមួយ ក្រុមហ៊ុន ម៉ាឡេស៊ី «Malaysian Group Sunway» សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាននៅចុងទសវត្សរ៍ឆ្នាំ ២០០០ ដល់កិច្ចសហការជាមួយក្រុមហ៊ុនអន្តរជាតិដូចជា Foster + Partners, Changi Airport, Singapore Airlines និង Lagardère Travel Retail ការរីកចម្រើនរបស់ អូស៊ីអាយស៊ី គ្រុប (OCIC) បង្ហាញពីភាពអំណត់ ការរៀនសូត្រពីបញ្ហាប្រឈម និងការឆ្ពោះទៅមុខជំនះរាល់ឧបសគ្គ។

ដំណើររបស់សហគ្រិននេះត្រូវបានកំណត់ដោយការផ្លាស់ប្តូរកែលម្អទីក្រុង និងការអភិវឌ្ឍគម្រោងធំៗ។ ពីការអភិវឌ្ឍដំបូងដូចជា បុរី ឧទ្យាន បាសាក់ (Borey Bassac Garden) និងអគារកាណាឌីយ៉ា ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតំបន់ពាណិជ្ជកម្ម អូស៊ីអាយស៊ី គ្រុប (OCIC) បានកសាងឱកាសសេដ្ឋកិច្ចរយៈពេលវែង បង្កើតការងាររាប់ម៉ឺនកន្លែង និងអភិវឌ្ឍកន្លែងសម្រាប់សហគមន៍ និងគ្រួសារអាចរីកចម្រើន៕

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ នៅឆ្នាំ ១៩៩១
អូស៊ីអាយស៊ី (OCIC) និងគម្រោងរបស់ខ្លួន
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាមួយ កាណាឌីយ៉ា គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន