ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានចូលរួមជំនួបអាហារពេលល្ងាច និងការធ្វើបទបង្ហាញអំពីតំបន់អភិវឌ្ឍន៍ទេសចរណ៍ ជូនដល់ក្រុមហ៊ុន HIGHGATE របស់សហរដ្ឋអាមេរិក និង សមាគម IDI ដែលរៀបចំដោយ Full Moon Resort និងចូលរួមជាកិត្តិយសដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម ឡាយ ព្រហស្ថ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានធ្វើការជម្រាបជូនលោក ARASH AZRBARZIN នាយកប្រតិបត្តិក្រុមហ៊ុន HIGHGATE របស់សហរដ្ឋអាមេរិក ស្តីអំពីវិវឌ្ឍន៍ភាព និងសក្តានុពលទេសចរណ៍នៅកម្ពុជា រួមទាំងបង្ហាញជាក់ស្តែងគម្រោងមួយចំនួនដែលស្វាគមន៍ការវិនិយោគ។
លោកនាយកប្រតិបត្តិ ARASH AZRBARZIN បានកោតសរសើរអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពដ៏ល្អផ្តល់ជូនអ្នកទេសចរ រួមទាំងការរីកចំរើនដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយ និងកក់ក្តៅរបស់ប្រជាជនកម្ពុជា (ស្នាមញញឹមរបស់កម្ពុជា) ដែលជាចំណុចពិសេសដែលក្រុមហ៊ុនកំពុងស្វែងរក។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន HIGHGATE ដែលជាក្រុមហ៊ុនដ៏ធំផ្នែកបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យជាច្រើននៅសហរដ្ឋអាមេរិក បានចូលជួបសំដែងការគួរសម និងជម្រាបអំពីលទ្ធផលទស្សនកិច្ចសិក្សា សក្តានុពលវិនិយោគ និងទេសចរណ៍របស់ក្រុមហ៊ុននៅកម្ពុជា៕



