ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉ូវូត រាជធានីភ្នំពេញ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងវិស័យឯកជនមួយចំនួនទៀត។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺផ្តោតសំខាន់ទៅលើការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង ដើម្បីពិភាក្សាបន្ត និងតាមដានវឌ្ឍនភាពការងារលើរបៀបវារៈមួយចំនួនស្តីពីការរៀបចំផែនការសកម្មភាព យុទ្ធសាស្ត្រ និងថវិកា ក្នុងគោលដៅពង្រឹង និងពង្រីកវិសាលភាពផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារពិភពលោក ពោលគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់។
សូមជម្រាបថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកលលោក និងតំបន់ ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព បរិយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា៕







