អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស កាលពីពេលថ្មីៗនេះ បានបង្ហាញគំរូប៉េងប៉ោះ ឈ័ររី និងបន្លែពីចំការឧទ្យានគីរីរម្យ ត្រៀមចេញលក់ជាផ្លូវការ និងដឹកជញ្ជូនចែកចាយទូទាំងប្រទេសជូនអតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ។

កាលខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជជែកពិភាក្សាពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែ និងរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ អាចចូលរួមវិនិយោគនៅក្នុងវិស័យកសិកម្ម និងបំពេញចន្លោះខ្វះខាតនៃខ្សែច្រវ៉ាក់តម្លៃផលិតកម្ម ដោយមិនចាំបាច់ប្រកួតប្រជែងជាមួយកសិករ។

ក្រោយជំនួបដ៏សំខាន់នេះ និងតាមរយៈបេះដូងស្រឡាញ់លើវិស័យកសិកម្ម និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមជួយវិស័យនេះ ដោយមិនគិតតែពីផលចំណេញតែមួយមុខ អ្នកឧកញ៉ា សួរ វីរៈ ក៏បានបង្កើតគម្រោងមួយឈ្មោះថា «វិរៈ ប៊ុនថាំ បន្លែធម្មជាតិ» ដែលនឹងមានលក់បន្លែធម្មជាតិ និងអាចដឹកជញ្ជូនជូនអតិថិជនគ្រប់ទីកន្លែង តាមរយៈរថយន្តរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ។
នៅលើបណ្តាញសង្គម កាលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះរូបភាពប៉េងប៉ោះ ភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “ចេញរកស៊ីថ្ងៃដំបូងប៉េងប៉ោះ ឈ័ររី គីរីរម្យចំនួន ៤០គីឡូក្រាម ផ្អែមដូចសំដីអូនចឹង។ ចេញលក់ផ្លូវការឆាប់ៗនេះហើយ ដឹកជញ្ជូនគ្រប់ទិសទី”។

សូមជម្រាបថា ក្នុងបទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋីនិងជំនួញ» របស់ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញមហិច្ឆតាប្រែក្លាយកម្ពុជា ជាប្រទេសនាំចេញបន្លែទៅផ្គត់ផ្គង់ទីផ្សារនៅក្រៅប្រទេស កាត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខាង ឱ្យសមនឹងឈ្មោះថាកម្ពុជា គឺជាប្រទេសកសិកម្ម។ ម្យ៉ាងទៀត អ្នកឧកញ៉ា យល់ឃើញថាប្រទេសកម្ពុជា មានភាពអំណោយផលគ្រប់បែបយ៉ាង ទាំងសណ្ឋានដី អាកាសធាតុ និងប្រព័ន្ធធារាសាស្រ្ដ ដែលបង្ករឱកាសដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំ បន្លែ ផ្លែឈើផ្សេងៗផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក៕








