នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកព្រះវិហារថ្មីនៃវត្តសុវណ្ណគិរីសាគរ (វត្តចង្ហោន) តម្លៃ ៤៨ម៉ឺនដុល្លារ ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

បើតាមក្រុមហ៊ុន ទ្រី ភាព គ្រុប បានឱ្យដឹងថា ព្រះវិហារថ្មីសន្លាងក្នុងវត្តសុវណ្ណគិរីសាគរ ហៅវត្តចង្ហោន ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោនេះ ដែលជាការផ្តួចផ្តើមកសាងឡើងរបស់ លោកអ្នកឧកញ៉ា មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា មហាករុណាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គៀន ស្រីនាង ត្រូវបានបញ្ចប់ការសាងសង់ ១០០% ព្រមទាំងបានរៀបចំពិធីបុណ្យបញ្ចុះខណ្ខសីមា និងពុទ្ធាភិសេកនៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នំា២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី គណៈប្រតិភូ មន្ត្រីរាជការថ្នាក់ខេត្ត ក្រុង សង្កាត់ និង យាយជី-តាជី លោកគ្រូ-អ្នកគ្រូ ព្រមទាំំងប្រជាពលរដ្ឋសរុបជាង ២ ២០០ នាក់។
ព្រះវិហារថ្មីនេះមានទំហំ ១២ម៉ែត្រ គុណ ២១ម៉ែត្រ ចំណាយថវិកាអស់ ៤៨០.០០០ ដុល្លារអាមេរិក (៤៨ម៉ឺនដុល្លារ) ដែលថវិកាទាំងនោះជាសទ្ធាដ៏ជ្រះថ្លារបស់ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ។
ក្នុងឱកាសនេះដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ និងចែកជូនដល់ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ តាជី-យាយជី ព្រមទាំងស្ថាប័នមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រមាណ ៦០០.០០០.០០០ រៀល (ប្រាំមួយរយលានរៀល)៕













