អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតបង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ (អតីតឧកញ៉ា ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះ ដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេច ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។


លិខិតដដែលនេះ បានបញ្ជាក់ថា ក្នុងករណីលោក ឌួង ឆាយ ពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចនោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
គួរបញ្ជាក់ថា អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ គឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿ លើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ស្របតាមមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមអានលិខិតខាងក្រោម៖
