កំពង់ធំ៖ ដោយទទួលបានការណែនាំពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ រួមជាមួយឧកញ៉ា លី រិទ្ធ និងឧកញ៉ា លន់ ពៅ ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានបន្តចូលរួមក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបារាយណ៍ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងជាតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ញឹក បានខេង បានថ្លែងថា ខេត្តកំពង់ធំ មានភ័ព្វសំណាងណាស់ដែលទទួលបានអំណោយសរុបប្រមាណជាង ១លានដុល្លាអាម៉េរិក ដើម្បីកសាងអគារសិក្សា រួមជាមួយអំណោយជាសម្ភារៈសិក្សា សម្លៀកបំពាក់ និងថវិកាផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា អំណោយទាំងអស់នេះបានកើតចេញពីស្មារតីសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលសមាជិកទាំងអស់បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពសប្បុរសធម៌ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ បន្ថែមពីលើសកម្មភាពធុរកិច្ចក្នុងគោលបំណងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរនោះ។
សូមបញ្ជាក់ថា សម្រាប់សាលាបឋមសិក្សាបារាយណ៍ ទទួលបាននូវអំណោយដូចខាងក្រោមនេះ៖
១- គ្រូបង្រៀនចំនួន ១៦នាក់ ម្នាក់ៗទទួលបាន កញ្ចប់សម្លៀកបំពាក់ចម្រុះ ១កញ្ចប់ និងវិកា ៦ម៉ឺនរៀល
២- ចំពោះអ្នកគ្រូបង្រៀនម្នាក់ដែលជួបបញ្ហាកង្វះមធ្យោបាយធ្វើដំណើរទទួលបានម៉ូតូ ១គ្រឿងផងដែរ
៣- សិស្សានុសិស្សចំនួន ៥៦៩នាក់ ម្នាក់ៗទទួលបាន សម្ភារៈសិក្សា ១ឈុត (កាតាប១, សៀវភៅ១០ក្បាល, ប៊ិចខៀវ៥ដើម, ប៊ិចក្រហម៥ដើម, ខ្មៅដៃ១០ដើម, ទឹកលុប២ដើម, ជ័រលុប២ដុំ, ប្រដាប់ខួង២ដុំ, បន្ទាត់១ដើម, និងកាបូបប៊ិច១), ឯកសណ្ឋានសិស្ស ១ឈុត, សម្លៀកបំពាក់នៅផ្ទះ ១ឈុត និងថវិកា ៤ម៉ឺនរៀល
៤. សម្រាប់សិស្សានុសិស្ស ២០នាក់ ដែលមានជីវភាពលំបាកទទួលបានកង់ម្នាក់១គ្រឿង សរុប២០គ្រឿងផងដែរ។






















