ឧកញ៉ា សាយ សុភ័ត្រា ទទួលស្វាគមន៍គណៈប្រតិភូមកពីប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅតំបន់ភ្នំបូកគោ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនសក្តានុពលមកពីប្រទេសជប៉ុន ដែលជាតំណាងក្រុមហ៊ុនចំនួន ១០ ក្នុងឱកាសនៃកិច្ចប្រជុំមួយដែលបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការបង្ហាញ និងស្វែងយល់ស៊ីជម្រៅអំពីសក្តានុពលវិនិយោគដ៏ធំធេងដែលមាននៅភ្នំបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប នៅក្នុងកិច្ចពិភាក្សានេះ បានលើកឡើងនូវឱកាសវិនិយោគដ៏សម្បូរបែប រួមមាន គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZ) ការរីកចម្រើនក្នុងវិស័យកសិកម្ម គម្រោងអចលនទ្រព្យដែលមានសក្តានុពលខ្ពស់ និងជាពិសេសគម្រោងអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត។

ភ្នំបូកគោមានគុណសម្បត្តិជាយុទ្ធសាស្ត្រដ៏គួរឱ្យទាក់ទាញដោយសារទីតាំងភូមិសាស្ត្រ ដែល ស្ថិតនៅជិតកំពង់ផែទេសចរណ៍ និងពាណិជ្ជកម្មកំពត ដែលកំពុងសាងសង់ថ្មី បណ្តាញផ្លូវរថភ្លើងជាតិ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ បន្ថែមពីលើនេះ ភ្នំបូកគោមានអាកាសធាតុដ៏អំណោយផល និងមានច្បាប់ដែលជួយសម្រួលដល់ការវិនិយោគផងដែរ ជាពិសេសច្បាប់ដែលអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិជាម្ចាស់ដីធ្លីដោយស្របច្បាប់ ដែល បានធ្វើឱ្យភ្នំបូកគោក្លាយជាគោលដៅដ៏សំខាន់សម្រាប់ការវិនិយោគដែលមានឥទ្ធិពលយូរអង្វែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការមកដល់និងការចូលរួមរបស់គណៈប្រតិភូមកពីប្រទេសជប៉ុនបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការកើនឡើងនូវជំនឿទុកចិត្តរបស់អន្តរជាតិចំពោះដំណើរអភិវឌ្ឍន៍របស់កម្ពុជា និងតួនាទីដ៏សំខាន់របស់ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ។

សូមជម្រាបជូនផងដែរថា ខេត្តកំពត គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់កំពូលភ្នំបូកគោ។ អ្នកឧកញ៉ា សុខ គង់ មានចក្ខុវិស័យ ខិតខំប្រឹងប្រែងអភិវឌ្ឍ និងវិនិយោគភ្នំបូកគោឱ្យក្លាយជាតំបន់ទេសចរណ៍ដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍សាសនា និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន៕