«គុនខ្មែរ» ជាក្បាច់គុនដ៏ចំណាស់មួយរបស់បុព្វបុរសខ្មែរយើង ដែលត្រូវការជនរួមជាតិទាំងអស់ចាំបាច់ចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ បន្តទៅមុខរាប់ពាន់ រាប់ម៉ឺនឆ្នាំ ជាពិសេសគឺការចូលរួមជួយផ្សព្វផ្សាយ អំពីក្បាច់គុនដ៏អស្ចារ្យនេះទៅកាន់ពិភពលោក ឲ្យបានកាន់តែទូលំទូលាយ ហេតុដូច្នេះហើយបានជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អុិនស៊ី ស៊ីមេន ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែគិតគូជានិច្ចអំពីការលើកតម្កើងកេរ្តិ៍តំណែលរបស់ជាតិ ដោយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ ស្ថានីយ៍ទូរទស្សន៍បាយ័ន ដើម្បីបង្កើតសង្វៀន «កំពូលអ្នកចម្បាំងអូដ្ឋ» លំដាប់អន្តរជាតិថ្មីមួយទៀត ក្រោមការឧបត្ថម្ភយ៉ាងពេញទំហឹងពីស៊ីម៉ងត៍ អូដ្ឋ ដែលជាផលិតផលផលិតឡើងមានបុគ្គលិក និងស្ថាបនិក មានឈាមជ័រតែមួយជាជនជាតិខ្មែរ។

ក្រោមនាមថាជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំជាងគេនៅកម្ពុជា ជីប ម៉ុង អុិនស៊ី ស៊ីមេន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ក្រុមហ៊ុនមេ ជីប ម៉ុង បានយកបេះដូង កំលាំងកាយកំលាំងចិត្ត ផ្សាភ្ជាប់ជាមួយដួងព្រលឹងបុព្វបុរសខ្មែរយ៉ាងស្អិតរមួត ដូចបានឃើញស្រាប់ ក្រៅពីចូលរួមជាចំណែកមួយយ៉ាងធំធេងទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ក្រុមហ៊ុនតែងតែលើកដៃមុនគេ ច្រៀកមួយផ្នែកធំជួយត្រឡប់ទៅកាន់សង្គមវិញ ដោយបានបង្កើតសង្វៀនប្រដាល់គុនខ្មែរច្រើនជាងគេរៀងរាល់សប្តាហ៍ ដែល បានបង្ហាញអំពីស្មារតី «ខ្មែរជួយខ្មែរ» គាំទ្រអស់ពីចិត្តពីថ្លើម ដើម្បីឲ្យអ្វីជាកេរ្តិ៍តំណែល ឬវប្បធម៌ខ្មែរ កាន់តែសាយភាយ បន្តដំណើររាប់ម៉ឺនឆ្នាំទៅមុខមិនសាបសូន្យ។
ដូចបានដឹងស្រាប់មកហើយថា ស៊ីម៉ងត៍អូដ្ឋ ជាផលិតផលរបស់ខ្មែរ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយលើការសាងសង់គ្រប់ប្រភេទសំណង់ ជាពិសេសសំណង់អាគារធំៗភាគច្រើននៅកម្ពុជា ត្រូវបានវិស្វករជ្រើសរើសក្នុងការយកមកប្រើប្រាស់ មិនថាលើការចាក់បេតុង ឬបូកជញ្ជាំងនោះទេ គួបញ្ជាក់ផងថារោងចក្រផលិតស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អុិនស៊ី ស៊ីមេន ដែលមានទំហំខ្នាតយក្សដំបូងគេនៅកម្ពុជាមួយនេះ ត្រូវបានវិនិយោគទឹកប្រាក់អស់ប្រមាណជិត ៣០០លានដុល្លារអាមេរិកនិងប្រើប្រាស់សុទ្ធតែម៉ាស៊ីនមានបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់មកពីអឺរ៉ុប ៕







