លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មពិធី ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេល២ថ្ងៃកន្លងមកនេះ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន RTNK Group  បានឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ ក្នុងនោះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK GROUP បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥​ នៅក្នុងបរិវេណក្លឹបវាយសី នរា អមដោយការចូលរួមពីសំណាក់គណៈកម្មការរៀបចំការប្រកួត ក្រុមការងារ អាជ្ញាកណ្តាល កីឡាករ ក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងមានការចូលរួមអបអរសាទរពីសាធារណជនផងដែរ។

ថ្លែងនៅក្នុងពិធីបិទការប្រកួតនេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា តាមរយៈវិស័យកីឡា។

លោកបានបន្តទៀតថា ដំណើរការប្រកួត២ថ្ងៃកន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន គឺកើតចេញមកពីស្មារតីទទួលខុសត្រូវ ការចេះអត់ឱន និងការគោរពគ្នាទៅវិញទៅមក។ ជាធម្មតា ការប្រកួតតែងតែមាន ឈ្នះ និងចាញ់ ទោះបីភាគីមួយណាឈ្នះ ឬចាញ់ក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះ គឺសុទ្ធតែមានចំណែកអ្នកទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូបសុទ្ធតែទទួលបាន​សមិទ្ធផលសម្រាប់ខ្លួនឯងនោះគឺ មិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលខាងមុខ។ គោលបំណងនៃការរៀបចំការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ នេះគឺ ដើម្បីបង្កើតឡើងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ​ក្រោមប្រធានបទ “មនុស្សម្នាក់លេងកីឡាមួយប្រភេទ”​ និងចូលរួមជាសកម្មភាពបំផុសគំនិតដល់យុវជន ចូលរួមលេងកីឡាស្របតាមអនុសាសន៍ ប្រមុខរដ្ធាភិបាល “កីឡារស់ក្នុងសន្តិភាព”។

គួររំលឹកថា ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើម និងដឹកនាំផ្ទាល់ពីលោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដោយត្រូវបានចែក​ចេញ​ជា ៤វិញ្ញាសាសម្រាប់ការប្រកួត។ ក្នុងនោះផងដែរ ពិធីបិទ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងក្រោមបរិយាកាសប្រកបដោយភាពរីករាយ។

គួរបញ្ជាក់ផងដែរថានាពេលថ្មីៗនេះ កាលពីខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រុមហ៊ុន RTNK Group ទើបតែបានបញ្ចប់នូវព្រឹត្តការណ៍ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់​​ អ​ ធី អិន ខេ ឆ្នាំ២០២៥ ដែលប្រកបដោយរលូននិងជោគជ័យ។

ជាចុងក្រោយ ការប្រកួតនេះ អាចឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យដោយមានការឧបត្ថម្ភធំពី ហាងលក់សម្លៀកបំពាក់ Cartenz Tactical Cambodia ដែលជាម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធី​។