លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC, ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានសម្រេចប្រែក្លាយអគារផ្សារទំនើបសុវណ្ណា ទៅជាអគារសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។

ផ្សារសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC នៅលើទំហំដី ១១ ១៨៤ ម៉ែត្រការ៉េ និងមានកម្ពស់ ៥ ជាន់ ដូចនេះទំហំអគារសរុបគឺប្រហែល ៥ ហិចតា។ ផ្សារទំនើបនេះត្រូវបានបើកដំណើរការដំបូងនៅឆ្នាំ ២០០៨ និងបិទដំណើរការក្នុងខែកញ្ញាឆ្នាំ ២០១៩ ដោយដំបូងឡើយត្រូវបានបិទក្នុងន័យកែលម្អ ប៉ុន្តែដោយសារតែវិបត្តិកូវីដ១៩ ក៏ត្រូវបានបិទមកដល់សព្វថ្ងៃ។ យ៉ាងណាក្តី ផ្សារសុវណ្ណា ក៏នឹងត្រូវប្រែក្លាយខ្លួន ជាអគារសិក្សាថ្មី នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដែលទើបតែបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
យោងតាមទំព័រហ្វេសបុក របស់សាកលវិទ្យាល័យ បានឱ្យដឹងបន្ថែមថា អគារសិក្សាថ្មីនេះ នឹងផ្តល់បរិយាកាសសិក្សា ដោយមានបន្ទប់ថ្នាក់រៀន និងបន្ទប់ពិសោធន៍ តាមតម្រូវការវិជ្ជាជីវៈ និងបំពាក់ឧបករណ៍ទំនើបៗ សម្រាប់សិស្សអនុវត្តជាក់ស្តែង និងស្របតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ ផងដែរ។
សូមជម្រាបថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈរវាងកម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាមួយនិងសាកលវិទ្យាល័យបច្ចេកវិទ្យា វិជ្ជាជីវៈ ឧស្សាហកម្មណានជីង ប្រទេសចិន។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ថាគឺជាសមិទ្ធិផលគំរូដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តការលើវិស័យអប់រំរវាងប្រទេសកម្ពុជា និងចិន។ លោកបានបង្ហាញថាសាកលវិទ្យាល័យនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា និងសហគ្រាសចិននៅក្នុងប្រទេស៕




