ក្រោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊េចប្រេស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានរួមដំណើរជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីតំណាង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក៏ដូចជាសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) ឆ្ពោះទៅកាន់រមណីយដ្ឋានចំនួនពីរនោះគឺ តំបន់អេកូទេសចរណ៍ទេរទឹកពុះ និងតំបន់ខ្នងផ្សារ។

បើតាមឯកឧត្តម ហួត ហាក់ បានឲ្យដឹងថា ការអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះគឺដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើនដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
ជាមួយគ្នា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជា និងជាធុរកិច្ចបទពិសោធន៍ជោគជាំលើវិស័យបដិសណ្ឋារកិច្ច អ្នកឧកញ៉ា សួរ វីរៈ បានដាក់ក្តីរំពឹងបែបនេះថា៖ “ជាមួយសក្តានុពលទេសចរណ៍ដែលមានស្រាប់ និងការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តំបន់ទេសចរណ៍ទាំងនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាយ៉ាងច្រើនកុះករប្រកបដោយនិរន្តរភាព”។
គួររំឭកថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឆ្លៀតចំណាយពេលវេលាធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីស្វែងយល់សក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិ។
ក្រោយដំណើរទស្សនកិច្ចខាងលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់រដ្ឋមន្រ្តីក្រសួងពីរ រួមមាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអភិបាលខេត្តកំពង់ស្ពឺ ដើម្បីអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ និងដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើងផងដែរ៕


