អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានឧបត្ថម្ភថវិកាចំនួន ៣០,០០០ដុល្លារ, ស្រាបៀរចំនួន ៥០០កេស ទឹកផ្លែឈើចំនួន ២០០កេស និងទឹកបរិសុទ្ធចំនួន ៥០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការជួយគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ “សង្រ្កាន្តព្រៃវែង ២០២៥” នាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមការបង្ហាញឱ្យដឹងពី រដ្ឋបាលខេត្តព្រៃវែង។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលបានឧបត្ថម្ភថវិកា ស្រាបៀរ ភេសជ្ជៈ និងទឹកសុទ្ធ ជូនដល់រដ្ឋបាលខេត្ត ក្នុងការជួយគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ “សង្រ្កាន្តព្រៃវែង ២០២៥” ខាងមុខនេះ ឱ្យមានភាពសប្បាយរីករាយ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សូមជម្រាបថា រដ្ឋបាលខេត្តព្រៃវែង បានរៀបចំតុបតែងលម្អរដោយភ្លើងចំរុះពណ៌ គោមផ្កាយ និងគោមផ្ការំដួលយ៉ាងស្រស់បំព្រង នៅជុំវិញបរិវេណសួនច្បារ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម សួនច្បារ សម្ដេចក្រឡាហោម ស ខេង សួនតេជោសន្តិភាព និងវិថីសន្តិភាព ដើម្បីត្រៀមអបអរសាទរ “ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” និងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង និងខេត្តជិតខាងមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” ដែលនឹងឈានចូលមកដល់នាថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕



