(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lynk & Co Automotive (Cambodia) បានចុះកិច្ចព្រមព្រៀងជាមួយលោក Zhang Hongjun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន DSB ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការធុរកិច្ច ក្នុងការនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក Lynk & Co ដែលជាម៉ាកយីហោរថយន្តលំដាប់ខ្ពស់ និងល្បីល្បាញទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា។

រថយន្តម៉ាក Lynk & Co ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៦ដោយកិច្ចសហការគ្នារវាង Geely Auto Group និង Volvo Cars Group ដែលត្រូវបានទទួលស្គាល់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការរចនាបែបទាន់សម័យ សម្រាប់ប្រជាជនជំនាន់ថ្មី។ ការពង្រីកទីផ្សារមកកម្ពុជា ជាសក្ខីកម្មបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រថយន្តម៉ាក Lynk & Co ក្នុងការផ្តល់ជូននូវរថយន្តលំដាប់ខ្ពស់ដែលរួមបញ្ចូលវិស្វកម្មស៊ុយអែតជាមួយនឹងការផលិតប្រកបដោយនវានុវត្តន៍។
កិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មនេះ បានធ្វើឱ្យ ក្រុមហ៊ុន Lynk & Co Automotive (Cambodia) ក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ ទាំងរថយន្ត និងគ្រឿងបន្លាស់ ម៉ាក Lynk & Co តែមួយគត់នៅកម្ពុជា។

លោក Zhang Hongjun បានមានប្រសាសន៍ថា “យើងរីករាយណាស់ដែលបាននាំយក Lynk & Co មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាទីផ្សារមួយមានសក្តានុពលខ្ពស់ សម្រាប់ភាពស៊ីវិល័យ និងនវានុវត្តន៍។ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវដំណោះស្រាយដែលជារថយន្តទំនើប និងល្បីល្បាញក្នុងពិភពលោក ដើម្បីបង្កើនបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបក្នុងការបើកបរសម្រាប់ប្រជាជនជំនាន់ថ្មី នៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ា លី សុភ័ក្ត បានមានប្រសាសន៍បន្ថែមថា “ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lynk & Co Automotive (Cambodia) ខ្ញុំពិតជាមានមោទនៈភាពក្នុងការសហការ នាំយករថយន្តទំនើបបែបអឺរ៉ុប ដើម្បីបំពេញតម្រូវការដែលកំពុងវិវឌ្ឍន៍នៃទីផ្សារក្នុងស្រុករបស់យើង”។

ព្រឹត្តិការណ៍នេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីសម្រាប់ឧស្សាហកម្មរថយន្តនៅកម្ពុជា។ បន្ទាប់ពីការចុះហត្ថលេខា ក្រុមហ៊ុន Lynk & Co Automotive (Cambodia) នឹងមានគម្រោងបញ្ចេញនូវរថយន្តម៉ូដែលដ៏គួរឱ្យទាក់ទាញ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមនិងត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅឯសណ្ឋាគារ Sofitel Phokeethra Phnom Penh។
សម្រាប់ការសាកសួរពីព័ត៌មានបន្ថែម ឬដើម្បីចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមទំនាក់ទំនងមកក្រុមទំនាក់ទំនងសារព័ត៌មានរបស់ក្រុមហ៊ុន Lynk & Co Automotive (Cambodia) តាមរយៈហ្វេកបុកផ្លូវការ Lynk & Co Automotive (Cambodia)។
អំពី Lynk & Co
Lynk & Co គឺជាម៉ាកយីហោរថយន្តលំដាប់សកលដែលបានបង្កើតឡើងនាឆ្នាំ ២០១៦ មានទីស្នាក់ការកណ្តាលនៅ Gothenburg ប្រទេសស៊ុយអែត និងត្រូវបានសកលលោកទទួលស្គាល់ថាជាប្រភេទរថយន្តលំដាប់ខ្ពស់ មានទាំងការរួមបញ្ចូលគ្នានូវការរចនាតាមបែបអឺរ៉ុប ប្រកបដោយភាពច្នៃប្រឌិតជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ។ Lynk & Co រួមបញ្ចូលជំនាញវិស្វកម្មរបស់ Volvo ជាមួយនឹងសមត្ថភាពផលិតរបស់ Geely ដើម្បីផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះនៅទូទាំងសកលលោក។
អំពី Lynk & Co Automotive (Cambodia)
Lynk & Co Automotive (Cambodia) គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ ម៉ាកយីហោ Lynk & Co នៅកម្ពុជា ដោយមានការប្តេជ្ញាចិត្តនាំយកបច្ចេកវិទ្យារថយន្តទំនើប ប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់មកកាន់ទីផ្សារកម្ពុជាសម្រាប់ប្រជាជនជំនាន់ថ្មី។



