ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊េចប្រេស បានចុះពិនិត្យរមណីយដ្ឋាន «ទេទឹកពុះ» និងតំបន់ទេសចរណ៍ខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង ដោយមានការចូលរួមពីតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឱ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
គួររំឭកថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឆ្លៀតចំណាយពេលវេលាធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីស្វែងយល់សក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិ។
សូមជម្រាបជូនថា រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះ ភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ៕




