សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈសេចក្តីសម្រេចនេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន គឺមានសមាសភាពចំនួន ៣៥រូប ដោយមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ក្នុងសមាសភាព ៣៥រូបនេះ ក៏មាន ឯកឧត្តម ទ្រី ដាលុច អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាកូនប្រុសរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព ជាសមាជិកផងដែរ។ ក្រៅពីក្រុមការងារស្នូល ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន មានលេខាធិការដ្ឋានមួយជាសេនាធិការ ដែលមានសមាសភាពចំនួន ២៩រូប។
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន មានភារកិច្ចដឹកនាំ សម្របសម្រួល និងអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដោយដើរតួនាទីជា “ច្រកចេញចូលតែមួយ” ដែលមានតួនាទីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តគម្រោងវិនយោគ និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានាជាកញ្ចប់ សម្រាប់ទទួលបាននូវការលើកទឹកចិត្ត និងការអនុគ្រោះនានាពីរាជរដ្ឋាភិបាល ដែលស្ថិតក្រោមវិសាលភាពនៃកម្មវិធីពិសេស ព្រមទាំងតួនាទីសំខាន់ៗមួយចំនួនទៀត។
សូមជម្រាបថា លោកឧកញ៉ាវ័យក្មេង ទ្រី ដាលុច កូនប្រុសច្បងរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ទទួលបានការតែងតាំងជា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈសេចក្តីសម្រេច កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយលោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈ ជា «អគ្គលេខាធិការរង» នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕









