អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីអាហារសាមគ្គី នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីថ្លែងអំណរគុណដល់ សភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជនទ្រទ្រង់សមាគមសិល្បករខ្មែរ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែង ទាំងប្រាជ្ញា ស្មារតី និងថវិកា នៅក្នុងបេសកកម្មដ៏មមាញឹក រយៈពេលជិតមួយឆ្នាំរបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦។

បើតាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុន ស្ថាប័ននានា និងសប្បុរសជនទ្រទ្រង់សមាគមសិល្បករខ្មែរ រួមទាំង សិល្បករជាសមាជិកសកម្ម របស់សមាគមសិល្បករខ្មែរ សរុបប្រមាណជាង ២០០នាក់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានរួមចំណែកដ៏ធំធេងដល់ភាពរីកចម្រើន និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមជាតិកម្ពុជា តាំងតែពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពវៀងវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តមកដល់ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា “កម្មវិធីនៅថ្ងៃនេះ គឺរៀបចំឡើងដើម្បីជាការជួបជុំដ៏ពិសេសមួយ នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ ពោលគឺចង់យកឱកាសដ៏មានតម្លៃនេះ ដើម្បីថ្លែង អំណរគុណដល់ស្ថាប័ន ក្រុមហ៊ុន និងមនុស្សជាទីគោរព ស្រឡាញ់ ដែលបានជួយឧបត្ថម្ភ ជ្រោមជ្រែង ទាំងប្រាជ្ញា ស្មារតី និងថវិកា ដល់សមាគមសិល្បករខ្មែរ អាណត្តិទី៦នេះ ក្នុង នោះ រួមមាន ទី១ ៖ អ្នកឧកញ៉ា គិត ម៉េង ជាស្វាមីដ៏ល្អពូកែ និងគួរឲ្យគោរពបំផុត។ លោកតែងស្ថិតនៅពីក្រោយនិងផ្តល់ភាពកក់ក្តៅឱ្យនាងខ្ញុំជានិច្ច ទាំងការជួយត្រួសត្រាយផ្លូវ ផ្តល់មតិយោបល់ និងចូលរួមធ្វើដោយផ្ទាល់ទៀតផង។”

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានសូមថ្លែងអំណរគុណសភាពាណិជ្ជកម្មកម្ពុជា ជាពិសេស សមាជិក សមាជិកាទាំងអស់ ដែលតែងតែផ្តល់ការជួយឧបត្ថម្ភទ្រទ្រង់ ចូលរួមក្នុងសកម្មភាពនានារបស់សមាគម និងផ្តល់មតិយោបល់ល្អៗ សម្រាប់ជាផែនទីបង្ហាញផ្លូវក្នុងដំណើរដឹកនាំដ៏វែងឆ្ងាយនាពេលនេះ និងបន្តទៅមុខទៀត។ ព្រមជាមួយនេះ លោកជំទាវ ក៏បានថ្លែងអំណរគុណជាពិសេស ចំពោះក្រុមហ៊ុន និងម្ចាស់សប្បុរសជនទ្រទ្រង់នានា ដែលមានឆន្ទះ ស្មារតី និងគោលគំនិតរួមគ្នាក្នុងការចូលរួមអភិរក្ស ថែរក្សា ការពារ អភិវឌ្ឍ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌កម្ពុជា។ លោកជំទាវ សង្កត់ធ្ងន់ថា “បើគ្មានការជួយជ្រោមជ្រែង ទ្រទ្រង់ទាំងនោះទេ នាងខ្ញុំ ក៏មិនអាចធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយម្នាក់ឯងបានដែរ។”
គួររំឭកថា លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលត្រូវដឹកនាំសមាគមមួយនេះ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩។ បន្ទាប់ពីទទួលតំណែងជាប្រធានសមាគម ក្នុងចំណោមកិច្ចការអទិភាពជាច្រើន លោកជំទាវអ្នកឧកញ៉ា បានយកចិត្តទុកយ៉ាងខ្លាំង លើការរៀបចំឱ្យមានទីកន្លែងសមរម្យក្នុងការបំពេញការងារជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់សមាគមសិល្បករខ្មែរ ជាពិសេសបង្កលក្ខណៈងាយស្រួលជូនដល់សិល្បករ-សិល្បការិនី ដែលមានតម្រូវការសេវានានារបស់សមាគម៕











