លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាជាច្រើនរូប កាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីអបអរសាទរឆ្នាំថ្មីជាមួយថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិត នៃក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ ចំនួនប្រមាណ ៦ពាន់នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណផ្សារចំការអំពៅ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ឯកឧត្តមអ្នកឧកញ៉ា សេង ញ៉ក់ ជំនួសមុខឱ្យក្រុមការងារក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយសចំពោះក្រុមគ្រួសារ កំពង់ស្ពឺ ស៊ូហ្គើរ ដែលជានិច្ចជាកាល ឯកឧត្តមតែងតែអញ្ជើញមកចូលរួមជាមួយបងប្អូនដោយផ្ទាល់។ ជាមួយគ្នានោះ ឯកឧត្តមអ្នកឧកញ៉ា ក៏បានរាយការណ៍ពីសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុនក្នុងរយៈកាលជាងមួយទសវត្សរ៍របស់ខ្លួន។


ថ្លែងទៅកាន់អង្គពិធី ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលជាសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ ដែលបានជ្រើសរើសខេត្តកំពង់ស្ពឺ និងនិយាយដោយឡែក ជ្រើសរើសស្រុកថ្ពង និងស្រុកឱរ៉ាល់ធ្វើជាទីតាំងវិនិយោគជាចម្ការអំពៅ និងរោងចក្រផលិតស្កសរដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញដែលបាននាំមកនូវកិត្យានុភាពជាតិ ការបង្កើតការងារជូនប្រជាពលរដ្ឋ និងរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងវិស័យសង្គមកិច្ចតាមរយៈការផ្តល់នូវកញ្ចប់ថវិកាឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងបុគ្គលិកដែលទទួលមរណភាពជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីប្រវត្តិសាស្រ្តតំបន់នេះ ដែលជាអតីតសមរភូមិក្នុងអតីតកាលដែលបានប្រែមុខមាត់មកជាតំបន់ដែលមានការអភិវឌ្ឍដោយសារសុខសន្តិភាព។ ឯកឧត្តមបានបន្តថា ក្រោមម្លប់នៃសន្តិភាព ពេលនេះ ម៉ោងនេះ គឺមានតែខ្មែរតែមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយយើងកំពុងរួបរួមគ្នាកសាងអភិវឌ្ឍជាតិបន្តទៅមុខ។
ឯកឧត្តម ក៏បានធ្វើការថ្លែងអំណរគុណដល់មន្រ្តីរាជការ ក៏ដូចជាវិស័យឯកជនដែលបានចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបាននាំឱ្យការដាក់ចេញនូវកម្មវិធីនយោបាយទាំងឡាយទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ឯកឧត្តមសូមអំពាវនាវឱ្យបងប្អូនបន្តការជឿជាក់លើការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕









