ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប (Sokimex Investment Group) បានរៀបចំកិច្ចស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូជប៉ុនអមដំណើរ ដោយបង្ហាញពីសក្ដានុពលវិនិយោគចម្រុះនៅលើភ្នំបូកគោ និងបានបង្ហាញសង្ខេបអំពីទិដ្ឋភាពទូទៅនៃឱកាសវិនិយោគនៅលើភ្នំបូកគោ ព្រមទាំងសក្តានុពលនៃការអភិវឌ្ឍន៍នានា។

ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ថា ក្នុងឱកាសនោះដែរ គណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចដោយផ្ទាល់ និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំហំ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍ពហុវិស័យនៅលើភ្នំបូកគោ ជាពិសេសគឺ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដែលនឹងក្លាយជានិមិត្តសញ្ញាជាតិ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ លើសពីនេះ ការបង្ហាញអំពីកសិដ្ឋានដាំស្ត្របឺរីតាមបែបបច្ចេកវិទ្យា និងកសិដ្ឋានបន្លែអ៊ីដ្រូប៉ូនិក បានបង្ហាញពីការបោះជំហានទៅមុខនៃវិស័យកសិកម្មប្រកបដោយនវានុវត្តន៍នៅកម្ពុជា។ គណៈប្រតិភូក៏បានទស្សនា និងស្វែងយល់អំពីការអភិវឌ្ឍន៍រមណីយដ្ឋានប្រណីត ទីលានវាយកូនហ្គោល និងឱកាសវិនិយោគអចលនទ្រព្យដ៏ទាក់ទាញនៅលើភ្នំបូកគោផងដែរ។
គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប ក្នុងការលើកកម្ពស់ភ្នំបូកគោឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់មួយ។ ភាពងាយស្រួលក្នុងការធ្វើដំណើរតាមគ្រប់មធ្យោបាយ (ផ្លូវគោក ផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវដែក) ក៏ជាកត្តាសំខាន់ដែលជំរុញឱ្យភ្នំបូកគោ កាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន។ ក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនផងដែរថា តំបន់កំពូលភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា សុខ គង់ មានចក្ខុវិស័យ ខិតខំប្រឹងប្រែងអភិវឌ្ឍ និងវិនិយោគភ្នំបូកគោឱ្យក្លាយជាតំបន់ទេសចរណ៍ដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍សាសនា និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន៕








