ដោយមានការចាត់តាំងពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង និងសហការីជាសមាជិកសមាគម បានចូលរួមក្នុង “ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥” នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriot ក្រោមអធិបតីភាព ឯកឧត្ដម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួបធុរកិច្ចរវាងអ្នកទិញនិងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥ មានការចូលរួមពីតំណាងក្រសួង/ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សមាគម និងវិស័យឯកជន ជាច្រើនរូប។ ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋតាមិល ណាឌូ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីភាពរីកចម្រើននៃវិស័យវាយនភណ្ឌដែលជាវិស័យលេចធ្លោនិងអាទិភាព នៃរដ្ឋតាមិល ណាឌូ ប្រទេសឥណ្ឌា ជាពិសេសផលិតកម្មអំបោះ និងក្រណាត់ ក៏ដូចជាស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូវិនិយោគក្នុងវិស័យវាយនភណ្ឌជាមួយធុរជនកម្ពុជា។
សូមជម្រាបផងដែរថា ក្នុងដំណើរបេសកកម្មធុរកិច្ចនេះ សហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋ តាមិល ណាឌូ បានដឹកនាំគណៈប្រតិភូធុរជនឥណ្ឌា ១១ក្រុមហ៊ុន ដែលសុទ្ធសឹងជាអ្នកជួញដូរក្នុងវិស័យវាយនភណ្ឌប្រកបដោយសក្ដានុពល។ ក្នុងជំនួបធុរកិច្ចនេះ សមាជិកសមាគមឧកញ៉ាកម្ពុជា បានទស្សនាការដាក់តាំងបង្ហាញផលិតផលក្រណាត់ជាច្រើនប្រភេទនិងបានជួបផ្គូផ្គងធុរកិច្ច ផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយភាគីឥណ្ឌាទៅវិញទៅមក សម្រាប់កិច្ចសហការធុរកិច្ចនាពេលអនាគតផងដែរ៕











