ឧកញ៉ា សូ សុខប៊ុនលីម ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ចែកមួកសុវត្ថិភាពដល់សិស្សានុសិស្សដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សូ សុខប៊ុនលីម ជាអគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) ក្នុងនាមជាវិស័យឯកជនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ចុះទៅដល់ខេត្តស្ទឹងត្រែងដើម្បីចែកជូនសម្ភារបប្រើប្រាស់មួយចំនួនសម្រាប់បម្រើឲ្យសកម្មភាពគាំពារសង្គមជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់និងទទួលធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង និងឧកញ៉ា សូ សុខប៊ុនលីម អគ្គនាយកក្រុមហ៊ុន Professional Trader (Cambodia) ព្រមទាំងតំណាងក្រុមហ៊ុន ENEOS (Corporation) និងក្រុមហ៊ុន ENEOS (Thailand) LTD ។

លោក សរ សុពុត្រា ឡើងថ្លែងទៅកាន់អង្គពិធី ជាមួយនឹងពាក្យកោតសរសើរចំពោះសកម្មភាពគាំពារសង្គមរបស់វិស័យឯកជនដែលមានក្រុមហ៊ុន Professional Trader (Cambodia) របស់ឧកញ៉ា សូ សុខប៊ុនលីម ដែលបានយកចិត្តទុកដាក់ក្នុងសកម្មភាពគាំពារសង្គមនានា ជាពិសេសចូលរួមចំណែកជាមួយយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការពាក់មួកសុវត្ថិភាព និងផ្ទាំងសម្រួលចរាចរណ៍។

បន្ថែមពីនេះ លោក ផៃ ប៊ុនឈឿន ក៏បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់នូវសកម្មភាពគាំពារសង្គមដែលក្រុមហ៊ុន បាននិងកំពុងអនុវត្តនៅពេលនេះ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា សម្ភារៈប្រើប្រាស់ដែលជាមួកសុត្ថិភាពនិងរបាំងសម្រួលចរាចរណ៍ដែលក្រុមហ៊ុនផ្តល់ជូនមក សហភាពសហព័ន្ធយុវជនកម្ពុជានាពេលនេះ នឹងផ្តល់សារៈប្រយោជន៍ដល់ប្រជាពលក្នុងមូលដ្ឋាន ក៏ដូចជាចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងសកម្មភាព នៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាមិនខាន។

ជាមួយគ្នានេះ ឧកញ៉ា សូ សុខប៊ុនលីម បានគូសបញ្ជាក់ថា ពិធីប្រគល់សម្ភារៈគាំពារសកម្មភាពសង្គមនាពេលនេះ គឺជាផ្នែកមួយនៃគម្រោងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបាននិងកំពុងអនុវត្តដោយក្រុមហ៊ុន Professional Trader (Cambodia) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនសាជីវកម្ម ENEOS Corporation ដែលជាក្រុមហ៊ុនថាមពលលំដាប់លេខ១ មានស្នាក់ការកណ្តាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន និង តាមរយៈក្រុមហ៊ុន ENEOS (Thailand) LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ។

គម្រោងនេះមានគោលបំណងលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្សានុសិស្ស ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងអ្នកបើកបរទូទៅ ជាពិសេសបណ្តុះគំនិត នៃការពាក់មួកសុវត្ថិភាពពីកុមារភាព ដើម្បីបង្កើតឲ្យក្លាយទៅជាទម្លាប់ និងភាពស៊ាំក្នុងការប្រើប្រាស់មួកសុវត្ថិភាព ហើយសម្រាប់ផ្ទាំងសម្រួលចរាចរណ៍នេះ គឺដើម្បីបង្កើនសុវត្ថិភាព ក្នុងការសំរួលចរាចណ៍ដល់សិស្សានុសិស្ស ដែលធ្វើដំណើរចេញពីសាលារៀនឆ្លងកាត់ផ្លូវដែលមានចរាចរណ៍មមារញឹក ជាពិសេស សាលារៀនដែលនៅជាប់ដងផ្លូវជាតិ។ សកម្មភាពគាំពារសង្គមនេះបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០១៧ ហើយក៏បានអនុវត្តជាបន្តបន្ទាប់ក្រោមកិច្ចសហការល្អរវាងក្រុមហ៊ុន Professional Trader (Cambodia) និងសហភាពសហព័ន្ធយុវជនកម្ពុជា ទៅកាន់ខេត្តចំនួន៣ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល និងខេត្តបាត់ដំបង ដែលមានមួកសុវត្ថិភាពសរុបចំនួន១០,៥០០មួក និងផ្ទាំងសំរួលចរាចរណ៍សរុបចំនួន៥៥០ផ្ទាំង គិតជាទឹកប្រាក់សរុបចំនួនប្រមាណជា២៧៥លានរៀល។

ឧកញ៉ា សូ សុខប៊ុនលីម បានបន្ដថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុន Professional Trader (Cambodia) បានបន្តសហការជាមួយក្រុមហ៊ុន ENEOS (Corporation) និងមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុនបាននាំនូវសម្ភារៈរួមមាន មួកសុវត្ថិភាពចំនួន៣,០០០មួក និងរបាំងសម្រួលចរាចរណ៍ចំនួន១៥០ផ្ទាំង សរុបជាទឹកប្រាក់ចំនួនប្រមាណ១១២លានរៀលបន្ថែមទៀត មកប្រគល់ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង។

ឧកញ៉ា សូ សុខប៊ុនលីម បានប្ដេជ្ញាខិតខំបន្តអនុវត្តគម្រោងនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបេសកកម្មកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមាដោយសារតែគ្រោះថ្នាក់ចរារណ៍នេះ គឺជាឃាតករឈាមត្រជាក់ដែលកំពុងឆក់យកទ្រពសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើននាក់ជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា សកម្មភាពគាំពារសង្គមនាពេលនេះ គឺជាសកម្មភាពមួយដែលមានការគាំទ្រ និងចូលរួមយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយគម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា៕