លោកអ្នកឧកញ៉ា លាង ឃុន៖ ការចុះ MOU រវាងក្រុមហ៊ុន ជីប ម៉ុង និង រ៉ូយ៉ាល់គុ្រប នឹងរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក សាងកេរ្តិ៍ឈ្មោះម៉ាកយីហោកូនខ្មែរ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្ររវាង ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) នឹងរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក និងសាងកេរ្តិ៍ឈ្មោះម៉ាកយីហោកូនខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះ MOU រវាងក្រុមហ៊ុនធំបំផុតពីរនៅកម្ពុជា កាលពីថ្ងៃចន្ទ ទី៧ ខែមេសា កន្លងទៅនេះ លោកអ្នកឧកញ៉ា លាង ឃុន បានសម្តែងការចូលរួមអបអរសាទរក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនខ្មែរធំបង្អស់ពីរនៅក្នុងប្រទេសកម្ពុជា បង្កើតឡើងដោយសហគ្រិនខ្មែរផ្ទាល់ បានសម្រេចបោះជំហានដ៏ធំមួយធ្វើការចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងបង្កើនស្មារតីសហការគ្នាប្រកបដោយឆន្ទៈពិតប្រាកដ និងជាដៃគូយុទ្ធសាស្ត្រលើវិស័យធំៗនៅកម្ពុជា ដើម្បីក្លាយជាជន្ទល់ដ៏រឹងមាំ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។

លោកអ្នកឧកញ៉ា លាង ឃុន បានបញ្ជាក់ដូច្នេះថា៖ “លើសពីការចាប់ដៃគូគ្នាក្នុងវិស័យធុរកិច្ច គោលគំនិតនៃភាពជាដៃគូសហការនេះ គឺឆ្លុះបញ្ចាំងពីស្មារតីរួមគ្នា និងលើកកម្ពស់ផលិតផលក្នុងស្រុក សាងកេរ្តិ៍ឈ្មោះម៉ាកយីហោកូនខ្មែរ ដើម្បីឱ្យផលិតផលខ្មែរអាចចរាចរទាំងក្នុងស្រុកនិងក្រៅប្រទេស។ ជាពិសេស ផ្នែកលើកេរ្តិ៍ឈ្មោះរបស់ ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគដោយ​សហគ្រិនខ្មែរ យើងខ្ញុំជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនទាំងពីរ នឹងអាចឈានដល់ទៅរួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងធនធានមនុស្ស បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ជាពិសេសបន្តដំណើរដ៏វែងឆ្ងាយជាមួយរាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យកាន់តែរឹងមាំទ្វេរដងជាក់ជាមិនខាន ស្របទៅតាមទស្សនៈមួយថា «ខ្មែររួមគ្នា នោះខ្មែរនឹងខ្លាំង» ដូចសភាសិតខ្មែរមួយលើកឡើងថា «ចង្កឹះមួយបាច់កាច់មិនបាក់»។ យើងជាក្រុមហ៊ុនខ្មែរដូចគ្នា ត្រូវតែចេះគិតរកផ្លូវដើររួមគ្នា សាមគ្គីគ្នា យកចំណុចខ្លាំងមកផ្គុំគ្នា អ្វីធ្វើមិនបាន ប៉ុន្តែបើយើងរួមគ្នានោះនឹងអាចធ្វើបាន”។

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះ MOU ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុបនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ៕