ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យលុបឈ្មោះ ឧកញ៉ា ឈាវ មុន្និន ចេញពីក្របខ័ណ្ឌនាយទាហាន ថ្នាក់ឧត្តមសេនីយ៍

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី ឈាវ មុន្និន អត្តលេខ ០៣៧៩៩២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ស្របតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណងធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយ ដែលឧត្តមសេនីយ៍ត្រី ឈាវ មុន្និន បានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

គួររំឭកថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់ ឧកញ៉ា ឈាវ មុន្និន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល៕