អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊េចប្រេស នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ៣២២,០០០ដុល្លារអាមេរិក ជួយសាងសង់ផ្លូវបេតុងប្រវែងជាង ៣គីឡូម៉ែត្រ និងបំពាក់អំពូលសូឡាចំនួន ១៥៥ដើម នៅលើកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃព្រហស្បតិ៍នេះ អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានលើកឡើងថា ផ្លូវបេតុងប្រវែង ៣០,៥០ម៉ែត្រ និងអំពូលសូឡាចំនួន ១៥៥ដើម ចំណាយថវិកាសរុប ៣២២,០០០ដុល្លារ បានប្រគល់ជូនរដ្ឋបាលស្រុកគិរីសាគរ និងប្រជាពលរដ្ឋនៅលើកោះស្តេច ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងបម្រើដល់ភ្ញៀវទេសចរណ៍ដែលមកទស្សនាលើទឹកដីកោះស្តេច។
អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ជារឿយៗតែងចូលរួមជួយអភិវឌ្ឍគម្រោងនានា ដល់រដ្ឋបាលស្រុកគិរីសាគរ។ ជាក់ស្តែង កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា និងលោកជំទាវ ប៊ុន ចន្ធូ ព្រមទាំងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានវិនិយោគលើរីស៊តជាង ១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន។ ជាពិសេសនៅក្នុងតំបន់កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង អ្នកឧកញ៉ា សួរ វីរៈ មានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត (Koh Sdach Resort), កោះអភិជនរីស៊ត (Koh Apikjun Resort), ម៉េតម៉ាងឃី រីស៊ត (Mad Monkey Resort) និងរ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ (Royal Beach Resort & Residence) ផងដែរ៕




